(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ញើនូវពាក្យពេចន៍ បង្ហាញពីការជូនពរទៅកាន់គ្នាទៅវិញទៅមក។ ជាក់ស្ដែង ប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសក្នុងថ្ងៃឆ្លងឆ្នាំនេះតែម្ដង គេសម្គាល់ឃើញនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ឆ្លងឆ្នាំថ្មីសូមមានក្ដីសុខគ្រប់ៗគ្នា» ដែលជាការនិពន្ធឡើងដោយ លោក យឹម តាស្រង់ ក្នុងផលិតកម្មចាស់របស់ខ្លួន កំពុងតែត្រូវបានយុវវ័យ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម យកបទចម្រៀងមួយបទនេះ ធ្វើជាសារចែករំលែក ជូនពរផ្ញើទៅកាន់គ្នា​។ ក្នុងនោះអ្នកនិពន្ធរូបនេះ ក៏បាននិយាយបកស្រាយពាក់ព័ន្ធ នូវបទចម្រៀងមួយនេះ យ៉ាងច្រើនផងដែរ។

អតីតអ្នកនិពន្ធក្នុងផលិតកម្មថោន លោក យឹម តាស្រង់ បានឲ្យដឹងថា «ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែឃើញប្រជាជនខ្មែរ ទូទៅផ្ញើសារជាបទចម្រៀងចំណងជើងថា «ឆ្លងឆ្នាំថ្មីសូមមានក្តីសុខគ្រប់ៗគ្នា» ដែលច្រៀងរួមដោយកំពូលតារាចម្រៀង ខេម និង មាស សុខសោភា កាលដែលខ្ញុំនៅផលិតកម្មថោន។ បទនេះខ្ញុំបង្កើតឡើងដោយ មានការគិតច្បាស់លាស់ មិនមែនកើតឡើងដោយចៃដន្យ ដើមហេតុដែលខ្ញុំផលិតបទនេះឡើង ដោយសារខ្ញុំសង្កេតឃើញថា មនុស្សទូទៅរាល់ពេលដាច់ឆ្នាំ តែងតែផ្ញើជាសារជូនពរគ្នាខ្លះសារខ្លី ខ្លះវែងអន្លាយ ចំណាយពេលច្រើនក្នុងការនឹកគិតសសេរផ្ញើ​ ដូចនេះជាដើមហេតុ ធ្វើឱ្យខ្ញុំធ្វើបទនេះឡើងដោយផ្តោតខ្លឹមសារ ជូនពរនាឱកាសឆ្លងឆ្នាំ ​ហើយនៅពេលផលិតរួចកាលនោះ ខ្ញុំបានផ្ញើសារទៅកាន់មនុស្សជាង ៥០០នាក់ក្នុង Facebook Message»

លោក យឹម តាស្រង់ បន្ថែមថា «ទីបំផុតប៉ុន្មានឆ្នាំមកនេះ ខ្ញុំក៏សង្កេតឃើញថាបងប្អូនខ្មែរ យើងភាគច្រើន ដែលប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក(Facebook) បានយកបទនេះផ្ញើជាសារជូនពរគ្នា នាឱកាសឆ្លងឆ្នំាថ្មី ដែលជាអនុស្សាវរីយ៍មួយរបស់ខ្ញុំ នៃការតែងនិពន្ធបទថ្មីធ្វើឱ្យខ្ញុំមិនអាចភ្លេចបាន ក្នុង១ជីវិតនេះ។ ខ្ញុំបានតាំងចិត្តថា នឹងខិតខំរកអ្វីដែលថ្មីៗ ទៀតសម្រាប់បម្រើអារម្មណ៍បងប្អូននាឆ្នាំ ២០២០ ដែលឈានចូលស្អែកនេះ»

ជាការកត់សម្គាល់ ឲ្យតែដល់ឱកាសឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីម្ដងៗ គេសង្កេតឃើញ បទចម្រៀងដែលមានចំណងជើងថា «ឆ្លងឆ្នាំថ្មីសូមមានក្ដីសុខគ្រប់ៗគ្នា» ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន បានយកបទនេះមកចែករំលែកឲ្យគ្នាយ៉ាងព្រោងព្រាត ក្នុងន័យជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសចូលឆ្នាំថ្មី (ឆ្នាំសកល) មកដល់៕