(ភ្នំពេញ)៖ អ្នកចាំទីកូនកាត់ខ្មែរ-ថៃ និងធំដឹងក្ដីលើទឹកដីបារាំង អេឡិច យូ បានប្រកាសភ្ជាប់ពាក្យជាមួយកីឡាការិនីហែលទឹកដ៏ស្រស់ស្អាត ហែមថុន វិទីនី គួរឲ្យភ្ញាក់ផ្អើល ស្របពេលខ្លួនត្រូវបានប្រភពស្និទ្ធក្លឹបបឹងកេតបង្ហើបថា គេបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ។

នេះគឺជាដំណឹងគួរឲ្យចាប់អារម្មណ៍ ដ្បិតស្ងាត់ៗស្រាប់តែកីឡាករចាំទីដ៏សង្ហារូបនេះ បានភ្ជាប់ពាក្យជាមួយអតីតគូស្នេហ៍របស់អតីតមិត្តរួមក្រុមគឺកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (CV-11)។ ប៉ុន្ដែយ៉ាងណា ចំពោះថ្ងៃចូលរោងជ័យរវាងអ្នកទាំងពីរ នៅមិនទាន់បង្ហើបឲ្យដឹងនោះទេ។

គួរបញ្ជាក់ថា អេឡិច យូ បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្នុងឆ្នាំ២០១៨ ជាមួយក្លឹបភ្នំពេញក្រោន បន្ទាប់មកបានផ្ទេរមកលេងឲ្យក្លឹបបឹងកេត ក្នុងឆ្នាំ២០១៩ ជាមួយ ចាន់ វឌ្ឍនាកា ដែរ។ ប៉ុន្ដែថ្មីៗ មានប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា ពេលនេះរូបគេបានព្យួរស្នោមដៃទៅហើយ៕