(ភ្នំពេញ)៖ ភាពយន្តដែលបង្ហាញពីប្រវត្តិឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបដ៏ខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ (របបខ្មែរក្រហម) មានចំណងជើងថា «ឃ្លាតទៅសែនឆ្ងាយ» ត្រូវបានជ្រើសរើសយកមកបញ្ចាំងឡើងវិញ នៅក្នុងស្ថានីយទូរទស្សន៍ CTN ចំថ្ងៃខួបលើកទី៤១ ឆ្នាំ ថ្ងៃរំដោះ៧មករា ដោយក្នុងនោះទស្សនិកជន អាចចូលរួមឆ្លើយសំណួរ បញ្ចេញមតិយោបល់ ដែលទាក់ទងនឹងសាច់រឿង និងបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ចំពោះអ្នកដែលបានឆ្លងកាត់របបដ៏ឈឺចាប់មួយនេះ​។

​ខ្សែភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» គឺជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តខ្មែរ គឺដើម្បីឲ្យកូនខ្មែរទាំងអស់ គ្រប់ស្រទាប់ យល់ដឹងកាន់តែច្បាស់ពី «របបប្រល័យពូជសាសន៍ខ្មែរក្រហម» ​។ កូនខ្មែរទាំងអស់ ត្រូវតែរៀនសូត្រ ពីប្រវត្តិសាស្រ្តរបស់ខ្លួន ជាពិសេស​គឺ​ការធ្វើពលិកម្មរបស់ម្ដាយ ឪពុក ជីដូន ជីតា ដើម្បីថែរក្សាជីវិតកូន ដែលនេះជាប្រធានបទមួយ អប់រំកុលបុត្រ កុលធីតា។

​ប្រវត្តិសាស្រ្តដ៏ជូរចត់ នៃអតីតកាលខ្មែរ ក្រោមរបបប្រល័យពូជសាសន៍ ​ខ្មែរក្រហម​ ត្រូវបានអ្នកដឹកនាំសម្ដែងរឿងសង្ឃឹមថា ខ្មែរទាំងអស់ ជាពិសេស​យុវវ័យ និងសិស្សានុសិស្ស គួរគប្បី ត្រូវតែរៀនសូត្រ ហើយត្រូវតែយកប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ ដើម្បីធ្វើជាការអភិវឌ្ឍខ្លួន និងកសាងប្រទេស ឲ្យមានសុខសន្តិភាពជារៀងរហូត មិនឲ្យធ្លាក់ទៅក្នុងវិនាសកម្មនោះ សារជាថ្មីនោះទេ​។ ភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ​ដឹកនាំសម្ដែងដោយលោក លោក ឆាយ បូរ៉ា ​អតីតប្រធានសមាគមភាពយន្តកម្ពុជា។

សូមបញ្ជាក់ថា ចំពោះទស្សនិកជន ដែលមិនទាន់បានទស្សនាភាពយន្ត​ «ឃ្លាតទៅសែនឆ្ងាយ» ទស្សនិកជនអាចទស្សនាបានតាមរយៈ Facebook Active ដែលនឹងធ្វើការ Live នៅលើ Facebook MYTV នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» នឹងមានផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទីយប់៕