(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney បានបង្ហាញខ្លួន ១ប្រកួតក្នុងក្លឹបថ្មី Derby County ដែលបានយកឈ្នះក្រុមភ្ញៀវ Barnsley ២-១ ក្នុងក្របខណ្ឌលីគទី២ អង់គ្លេស Championship នាយប់មិញនេះ។

ក្នុងប្រកួតនោះ Rooney ដែលត្រូវបានតែងតាំងជាប្រធានក្រុមផងនោះ ក៏ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង និងលេងពេញម៉ោង ៩០នាទីទៀតផង តែលេងក្នុងតំបន់បម្រើ បន្ទាប់ពីកីឡាករអង់គ្លេស វ័យ ៣៤ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបអាមេរិក DC United កាលចុងខែធ្នូ ឆ្នាំ២០១៩ នៃលីគ Major League Soccer។

រាប់ទាំងប្រកួតដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ Wayne Rooney បានចូលលេងចំនួន ៧២៤ប្រកួតក្នុងអាជីពរួមមាន Everton, Manchester United, DC United និង Derby County ហើយក៏បានកំពុងកាន់កំណត់ត្រាស៊ុតច្រើនជាងគេក្នុងក្រុមតោកំណាចអង់គ្លេសទៀតផង។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Derby បន្តឈរនៅលេខរៀងទី១៧ នៅ Championship ដដែល ក៏ប៉ុន្តែនៅលើ Middlesbrough គ្រាដែល Barnsley ត្រូវការ ៣ពិន្ទុ ដើម្បីគេចចេញពីតំបន់កាត់ចោល ដែលកំពុងឈរនៅលេខរៀងទី២៣ បណ្តោះអាសន្ន៕