(ភ្នំពេញ)៖ ពិតណាស់កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា ដែលមានប្រជាប្រិយភាពទាំងក្នុង និងក្រៅប្រទេសគឺ មាស សុខសោភា ត្រូវបានមហាជនសង្កេតឃើញថា បានបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើននៅក្រៅប្រទេស ជាពិសេសបានចូលរួមសម្តែងដ៏អស្ចារ្យក្នុងកម្មវិធី «AseanFantasia» កាលពីឆ្នាំ 2019។ ក្រៅពីនេះ ក៏មានសមិទ្ធផលជាច្រើន ដែលតារាស្រីរូបនេះ សម្រេចបានក្នុងកាលពីឆ្នាំ២០១៩។ តែយ៉ាងណា ចូលដល់ឆ្នាំ២០២០ នេះ មាស សុខសោភា បានដាក់គោលដៅរបស់ខ្លួនភ្លាម ដោយផ្តោតខ្លាំងទៅលើផលិតកម្មផ្ទាល់ខ្លួន ដែលមានឈ្មោះថា Camtraxmusic។

តាមរយៈសារហ្វេសប៊ុកថ្មីៗនេះរបស់ មាស សុខសោភា បានឲ្យដឹងថា «2019 បានបញ្ចប់ សម្រាប់ខ្ញុំ 2019 គឺជាអនុស្សារីយ៍ដែលពោរពេញដោយស្នាមញញឹម។ ២០១៩ ជា​មួយការសម្តែងអស្ចារ្យ #AseanFantasia2019 ជាការបង្ហាញស្នាដៃបទចម្រៀងខ្មែរលើឆាកអន្តរជាតិ​។ ២០១៩​ ជាឆ្នាំនៃភាពជោគជ័យនៃបទ រលឹមប្រុយៗ ស្នាដៃ​និពន្ធរបស់ប្អូនប្រុស សោម ដូរ៉េ។ ២០១៩ ឆ្នាំនៃការលើកតម្កើនស្នាដៃបទចម្រៀងខ្មែរ តាមរយៈកម្មវិធីស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា ហើយនាងខ្ញុំ​ពិតជាសប្បាយចិត្តនៅពេល ដែលកវីនិពន្ធក្នុងកម្មវិធីទទួលបានឱកាសការងារជាបន្តបន្ទាប់ជាមួយភាពជោគជ័យ និងស្នាមញញឹមទាំងអស់នេះ នាងខ្ញុំ​សូមអរគុណដល់ក្រុមគ្រួសារដែលតែងតែផ្តល់កំលាំងចិត្ត និងភាពកក់ក្តៅ អរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងជាមួយគ្នាក្នុងរយៈពេលមួយឆ្នាំពេញ អរគុណ​ដល់សម្តេច ឯកឧត្ដម លោកឧកញ៉ា អស់លោកស្រី លោកស្រី និងបណ្តាក្រុមហ៊ុនទាំងអស់ដែលតែងតែផ្តល់កិត្តិយសដល់នាងខ្ញុំគ្រប់កម្មវិធី អរគុណដល់អ្នកគាំទ្រទាំងអស់ ដែលនៅតែងផ្តល់នូវកំលាំងចិត្ត ជាពិសេសដល់នាងខ្ញុំ ក្នុងបន្តដំណើរនៅលើវិថីនៃវិស័យចម្រៀងមួយនេះ បើគ្មានអ្នកទេ នោះក៏គ្មានខ្ញុំដូចគ្នា!»

«សម្រាប់ឆ្នាំ២០២០នេះ នាងខ្ញុំនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរកចំណីអារម្មណ៍ថ្មីផ្សេងទៀត ជូនដល់ពុក ម៉ែ បងប្អូនទាំងអស់ ដោយឡែកនាងខ្ញុំនឹងផ្តោតខ្លាំងលើផលិតកម្ម Camtraxmusic ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏សូមស្វាគមន៍បងប្អូនសិល្បករគ្រប់រូបក៏ដូចជាផលិតកម្មផ្សេងៗ សម្រាប់អញ្ជើញនាងខ្ញុំចូលរួមសហការដើម្បីវិស័យចម្រៀងខ្មែរ។ សូមចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ​២០២០ និងសូមគោរពជូនពរពុកម៉ែ បងប្អូនគ្រួសារខ្មែរគ្រប់ទិសទី ឲ្យទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងសុខសុភមង្គលគ្រប់ពេលវេលា»

គួរជម្រាបថា តារាចម្រៀងមាស សុខសោភា នៅតែរក្សារបានប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងយូរ ទោះបីជាមានតារាថ្មីៗពន្លកក្រោយ ប្រឡូកក្នុងវ័ស័យ​ចម្រៀងកាន់តែច្រើនក៏ដោយ។ ជាពិសេស ក្តាប់បានឱចេញទៅសម្តែងនៅបណ្តាប្រទេសប៉ែកអឺរ៉ុប និងប្រទេសជាច្រើនទៀតផងដែរ៕