(សេអ៊ូល)៖ ក្រុមចម្រៀងប្រុស BIGBANG នឹងធ្វើឲ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ «Coachella» ដែលធ្វើនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

នៅព្រឹកថ្ងៃទី០៣ ខែមករា គេហទំព័រផ្លូវការណ៍របស់កម្មវិធី «Coachella» ឬ «2020 Coachella Valley Music and Arts Festival» បានបង្ហាញឈ្មោះក្រុមតារាចម្រៀង ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយក្នុងនោះក៏មានក្រុមតារាចម្រៀង K-POP BIGBANG ផងដែរ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ Coachella នឹងធ្វើឡើងនៅចុងសប្តាហ៍ចំនួនពីរលើក សម្រាប់ឆ្នាំ២០២០នេះ។ លើកទី១ ចាប់ផ្តើមនៅចុងសប្តាហ៍ ថ្ងៃទី ១០ដល់១២ ខែមេសា និងលើកទី២ នៅចុងសប្តាហ៍ ពីថ្ងៃទី១៧ ដល់១៩ ខែមេសា ឆ្នាំ២០២០ នៅទីតាំង the Empire Polo Club ក្នុងកាលីហ្វ័រញ៉ា។

គួរជម្រាបថា BIGBANG ជាក្រុមតារាចម្រៀងប្រុសដំបូងហើយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Coachella ក្នុងឆ្នាំ២០២០ នៅអាមេរិក ខណៈក្រុមតារាចម្រៀងនារីដំបូងដែលចូលរួមក្នុងកម្មវិធីនេះ គឺ BLACKPINK ដែលចូលរួមកាលពីឆ្នាំ២០១៩ និង hip-hop បុរសដំបូង គឺ Epik High ដែលចូលរួមកាលពីឆ្នាំ២០១៦៕