(លីវើភូល)៖ កីឡាករខ្សែបម្រើប្រយុទ្ធចំណូលថ្មី សញ្ជាតិជប៉ុន Takumi Minamino នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយក្លឹប Liverpool ក្នុងជំនួបទល់នឹង Everton នៃការប្រកួតប្រជែងពានរង្វាន់ FA Cup ក្រោយត្រូវបានផ្ទេរមកកាន់ក្លឹបរហស្សនាម «ហង្សក្រហម» ដែលជាក្រុមខ្លាំងនៅ Premier League រដូវកាលនេះ ក្នុងតម្លៃប្រមាណ ៧.២៥លានផោនពីក្លឹប RB Salzburg របស់ប្រទេសអូទ្រីស។

ក្រុមជើងឯកពាន FIFA Club World Cup 2019 នាពេលថ្មីៗនេះ ដែលមានលោក Jurgen Klopp ជាគ្រូបង្វឹកបានឲ្យដឹងថា «កីឡាករខ្សែបម្រើប្រយុទ្ធចំណូលថ្មី Minamino បានកំពុងតែប្រឹងប្រែងប្រជែងតំណែង ១១នាក់យ៉ាងខ្លាំងជាមួយមិត្តរួមក្រុមក្នុងការបង្ហាញខ្លួននៅលើទីលានប្រកួត»។ គ្រូបង្វឹកដដែលបន្តថា Minamino អាចនឹងមានជម្រើសចូលប្រកួតពេលប៉ះ Everton នៅជុំទី៣ នារាត្រីថ្ងៃទី៥ ខែមករានេះក្នុងពានលំដាប់ទី២ អង់គ្លេស FA Cup។

គួរបញ្ជាក់ផងថា ខ្សែបម្រើប្រយុទ្ធវ័យ ២៤ឆ្នាំ Minamino ត្រូវបាន Liverpool ដែលជាអតីតម្ចាស់ជើងឯកពាន FA Cup ៧សម័យកាល នាំយកពី Salzburg នាខែមករា បន្ទាប់ពីរូបគេស៊ុតបាន ៦៤គ្រាប់ ក្នុងចំណោម ១៨៩ប្រកួតនាពេលកន្លងមក៕