(ភ្នំពេញ)៖ កូនសិស្សសិល្បៈរបស់លោក ស៊ីន ច័ន្ទឆាយ៉ា គឺតារាចម្រៀង​ ម៉ា ច័ន្ទបញ្ញា បានព្រលយនូវពាក្យក្នុងចិត្តរបស់ខ្លួន ឲ្យមហាជនបានដឹងថា ការឲ្យតម្លៃជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺមានតែនៅលើបបូរមាត់​ប៉ុណ្ណោះ ខណៈដែលចាប់តាំងពីលោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងឆ្នាំ១៩៧៦ មក គ្រួសារនេះបានជួបប្រទះនូវការខ្វះខាត ខ្វះការយកចិត្តទុកដាក់ និងមានជីវភាពខ្សត់ខ្សោយ រហូតដល់ចៅរបស់លោក ស៊ីន ស៊ីសាមុត គឺលោក ស៊ីន សេដ្ឋាកុល ទទួលមរណភាពបន្តទៀត ក៏នៅតែដដែល។ និយាយរួមគឺបានន័យថា ក្រុមគ្រួសារនេះ មិនសូវទទួលបានការយកចិត្តទុកដាក់​ រហូតដល់ទៅ៣ជំនាន់មកហើយ ពោលគឺមិនសមនឹងកេរ្តិ៍ឈ្មោះជា «អធិរាជសំឡេងមាស» នោះឡើយ។

តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ដែលត្រូវបានគេស្គាល់ថា ជាសិស្សរបស់លោក ស៊ីន ច័ន្ទឆាយ៉ា បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីមរណភាពរបស់លោក ស៊ីន សេដ្ឋាកុល ថា «នេះគឺជាគ្រួសារ​​អធិរាជសំឡេង មាស​ ស៊ីន ស៊ីសាមុត (Sin Sisamouth) ដែលមានមនុស្សមួយចំនួនធំ​ (ក៏មានអ្នកគួរឲ្យគោរពជាច្រើនតែងជួយពួកគាត់ដែរ) តែងតែស្រឡាញ់​ គោរព​យកចិត្តទុកដាក់​ ចាត់ទុកគាត់ជា​ Idol រហូតមានអ្នកខ្លះក្លាយជាអ្នកមានបាន ដោយសារបទចម្រៀងរបស់លោក​ ក៏ប៉ុន្តែមរណភាព​​ ភាពកម្សត់របស់គ្រួសារលោក​ បែរជាមិនត្រូវបានមនុស្សមួយចំនួនធំ​ យកចិត្តទុកដាក់ជាមួយពួកគាត់ ជិត៣ជំនាន់ហើយ​។ កាលពីលោកគ្រូរបស់ខ្ញុំ​ ស៊ីន​ ច័ន្ទឆាយ៉ា​ នៅមានព្រះជន្ម​ គាត់បានលួចខ្សិបខ្ញុំថា​ បើថ្ងៃណាមួយ​បញ្ញាបានជោគជ័យ​ហើយ​ ធ្វើជាគំរូ កុំភ្លេចគ្រួសារ​ បងប្អូន​ខ្លួនឯង​ ពិសេសលោកគ្រូធំ​ ព្រោះពួកគេ​នេះហើយ​ ដែលជនជាតិខ្មែរយើងមួយចំនួន​ តែងតែនិយាយតែមាត់ តែ​មិនសូវឲ្យតម្លៃ»

លោកបន្តថា «ជាអកុសល​ ខ្ញុំមិនទាន់បានជួយដល់លោកគ្រូដិតដល់ផង​ លោកគ្រូ​ និងបងប្រុស​ ដែលជាអ្នកស្នងត្រកូលលោកតា​ បានលាចាកលោកទាំងអភ័ព្ទ​ (ជំងឺ​បេះដូង ជំងឺលើសឈាម​ ជំងឺដែលកើតចេញពីភាពខូចចិត្ត​ ដើម្បីជីវភាព​ ភាពអស់សង្ឃឹមដែលលាក់ជ្រៅនៅខាងក្នុង)។ ល្ងាចចប់ការងារភ្លាម​ ខ្ញុំបានចំណាយពេលវេលាបន្តិចបន្ទួច របស់ខ្ញុំទៅចូលបុណ្យ​ លើកទឹកចិត្ត​ និងបង្ហាញពីជំហរខ្លះៗតាមបណ្ដាំលោកគ្រូ នៅឆ្នាំថ្មីនេះ​ ឃើញថា​ មិនសូវមានសិល្បករណា​ច្រើន​ បានមកចូលរួមពិធី​នោះទេ។ ឃើញតែគ្រួសារដ៏សោកសៅ​ ដែលមានលោកយាយជាភរិយា​កម្សត់ របស់លោកតា​ ស៊ីន​ ស៊ីសាមុត​ តែប៉ុណ្ណោះ»

លោកបន្ថែមទៀតថា «ជាគ្រួសារលោកគ្រូធំផ្នែកសិល្បៈទាំងមូល​ ព្រោះតែគ្នា​​គ្មានខ្សែ​ មិនសូវចេះ ​Protocol ស្ថានភាពក៏ចេះតែដុនដាប​ អស់ពីលោកគ្រូឆាយា នៅគៀកដឹង​រឿង​ មកដល់បង កុល​ អ្នករង់ចាំដំណឹង​ ពេលនេះបន្ទុកទាំងមូលធ្លាក់ដល់​ កូនស្រីពៅ​។ គាត់បាននិយាយទាំងទប់ទឹកភ្នែកពីជំហរ និងក្ដីសង្ឃឹមដ៏សោកសៅប្រាប់ខ្ញុំ។ ចាត់ទុកជាការអំពាវនាវ​ (មិនហ៊ានអញ្ជើញ​ ព្រោះខ្លាច «គេ» ប្រកាន់​ សូមមេត្តាបងៗព័ត៌មានជួយនាំដំណឹងនេះ​ ដល់បងប្អូនសិល្បៈ​ អ្នកគាំទ្រទាំងឡាយបានដឹង «បន្ថែមទៀត» ផង។ សូមមេត្តា!»

យ៉ាងណាមិញ ដើម្បីជួយដល់គ្រួសារលោក ស៊ីន ស៊ីសាមុត លោក ម៉ា ច័ន្ទបញ្ញា បានបញ្ជាក់ជំហថា «សូមអធ្យាស្រ័យផង​ នៅឆ្នាំថ្មីនេះ​ ខ្ញុំនឹងព្យាយាមធ្វើ​ការបរិច្ចាគ​ រាល់ការអញ្ជើញទាំងឡាយ​ណា ពីអ្នកគាំទ្រខ្ញុំឲ្យច្រៀងបទពីសង្គម​ ៣០% ទៅ ៤០%ទុកជាគំរូ​ ជូនគ្រួសារលោកគ្រូខ្ញុំ​ ដែលពី​មុ​ន​ ខ្ញុំបាទមិនងាយទទួលការសម្ដែងចម្រៀង បទពីសង្គមបែបនេះទេ​ ព្រោះ​​មិនចង់យកបទមរតកដើមមករកកម្រៃ​ ហើយនឹងព្យាយាមជួយរៀបចំ​ការិយាល័យ​ ស៊ីន​ ស៊ីសាមុត ឡើងវិញ​ តាមលទ្ធភាព​ ជូនគ្រួសារលោក។ (បើមានអ្នកឧបត្ថម្ភល្អ​ ខ្ញុំនឹងព្យាយាមចាត់ទុកពេញ១០០%ដល់គ្រួសារលោក)»

គួរបញ្ជាក់ថា ចៅប្រុសបង្កើតរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត គឺលោក ស៊ីន សេដ្ឋាកុល បានទទួលមរណភាព កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារជំងឺ ដាច់សរសៃឈាមខួរក្បាល ក្នុងវ័យ៣៧ឆ្នាំ ដោយពិធីបុណ្យសព បានប្រព្រឹត្តធ្វើនៅឯវត្តចាក់អង្រែក្រោម ខណៈដែលគេសង្កេតឃើញមាន អ្នកសិល្បៈតិចតួចបំផុតចូលរួម ធ្វើឲ្យកម្មវិធីបុណ្យមួយនេះ​ ហាក់មានភាពស្ងាតជ្រងំ។ ម្យ៉ាងវិញទៀត មហាជនទូទាំងប្រទេស ស្ទើរតែគ្មានអ្នកបានដឹងផងថា ជាមរណភាពរបស់ចៅប្រុសអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត៕