(ភ្នំពេញ)៖ ពិធីការិនីស្រីរូបស្រស់ ដែលត្រូវបានមហាជនដឹងថាមានទាំងរូបសម្រស់ សមត្ថភាព និងចំណេះដឹងពូកែទាំងភាសាជាតិ និងភាសាបរទេស គឺកញ្ញា ជីមមី មានសន្ទុះទីផ្សារសិល្បះយ៉ាងខ្លាំង ជាពិសេសឱកាសការងារជាច្រើន បានរត់មកនាង។ យ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ ជីមមី ត្រូវបានមនុស្សជុំវិញខ្លួនលើកទឹកចិត្ត ឲ្យចូលរួមប្រកួតបវរកញ្ញា ទាំងរូបនាងផ្ទាល់មិនធ្លាប់គិតរឿងនេះទាល់តែសោះ។ ផ្ទុយទៅវិញ ដោយសារតែមានការគាំទ្រឲ្យនាងចូលរួមប្រកួតកាន់តែច្រើនឡើងនោះ តារាស្រីរូបនេះអាចនឹងបង្កេីតការសម្រេចចិត្តថ្មី ប្តូរក្តីស្រម៉ៃរបស់ខ្លួន ដើម្បីប្រយោជន៍រួម។

តាមរយៈសារហ្វេសប៊ុក កញ្ញា ជីមមី បានឲ្យដឹងថា «មានបងប្អូនជាច្រេីន សួរជីមមីថា ដែលមានគិតថាចង់ទៅប្រលងបវរកញ្ញាដែរឬទេ? ចំលេីយគឺ អត់ធ្លាប់គិតទេ។ ព្រោះគិតថា ជីវិតរាល់ថ្ងៃនេះ គឺមានគ្រប់គ្រាន់ហេីយ ទាំងការងារ កេរ្ត៍ឈ្មោះ ចំណូល ទំនាក់ទំនងសង្គម និងមានជាប់កុងត្រាជាច្រេីនឆ្នាំទៅមុខទៀត។ អ្វីដែលសំខាន់នាងខ្ញុំ មានផែនការជីវិត និងក្តីស្រម៉ៃជាច្រេីន ដែលត្រូវបំពេញ និងត្រូវធ្វេីដំនេីរទៅសហរដ្ធអាមេរិក ឆាប់ៗខាងមុខនេះហេីយ ហេីយមានឱកាសជាច្រេីនកំពុងរង់ចាំខ្ញុំ។ នេះហេីយជាហេតុផល ដែលនាងខ្ញុំមិនដែលគិតនឹងទៅប្រលងបវរកញ្ញា ព្រោះនាងខ្ញុំហួងហែងផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំង»

ជីមមី បន្តថា «ប៉ុន្តែមួយរយៈចុងក្រោយនេះ សំណួរជាច្រេីន និងការផ្តល់កំលាំងចិត្តឲ្យចូលប្រលងបវរកញ្ញា ហូរមកដូចទឹកបាក់ទំនប់ ធ្វេីឲ្យនាងខ្ញុំភ្ញាក់ផ្អេីលយ៉ាងខ្លាំង មិនដឹងថា តេីប្រធានបទនេះកេីតឡេីងពីពេលណា? អ្នកទាំងអស់គ្នាជឿអត់ ថាទឹកហូរច្រោះយូរៗ អាចទម្លុះផ្ទាំងថ្មបាន? ពិតណាស់មួយរយៈនេះ អ្នកទាំងអស់គ្នាធ្វេីឲ្យនាងខ្ញុំ មានអារម្មណ៍ដល់ទឹកចិត្ត និងការជឿចិត្តរបស់អ្នកទាំងអស់គ្នាមកកាន់នាងខ្ញុំ ថានាងខ្ញុំអាចធ្វេីបាន។ ហេីយកំលាំងចិត្តទាំងអស់នេះហេីយ ដែលធ្វេីឲ្យនាងខ្ញុំចាប់ផ្តេីមមានគំនិតចង់ទំលាក់នូវការតាំងចិត្តតាមក្តីស្រម៉ៃរបស់ខ្លួន មកធ្វេីអ្វីដែលជាប្រយោជន៍រួម។ ធ្វេីអ្វីដែលអ្នកទាំងអស់គ្នាជឿនិងគាំទ្រនាងខ្ញុំ។ ដូច្នេះបេីpost ១ នេះមានការគាំទ្រខ្លាំង និងកំលាំងចិត្តខ្លាំងដូចមុនៗ នាងខ្ញុំនឹងបង្កេីតការសម្រេចចិត្តថ្មី ហេីយធ្វេីតាមអ្នកទាំងអស់គ្នា»

យ៉ាងណាមិញ គេនៅមិនទាន់ប្រាកដនៅឡើយទេថា តើកញ្ញា ជីមមី នឹងសម្រេចចិត្តយ៉ាងណាឲ្យប្រាកដនោះ ខណៈសារខាងលើកនេះប្រៀបបាន​នឹងការជូនដំណឹងមួយទៅកាន់អ្នកគាំទ្រ ពីការសម្រេចចិត្តរបស់នាងថា ប្រសិនបើមានការគាំទ្រច្រើន នាងនឹងចូលរួមប្រកួត។ ទោះបែបនេះក្តី ជីមមី មិនបានបង្ហាញឡើយ ថាទៅប្រកួតក្នុងកម្មវិធីមួយណា។

ជាមួយគ្នានេះ តាមរយៈ Comment ក្នុងបណ្តាញសង្គម មហាជនជាច្រើនសម្តែងនូវការគាំទ្រ ដោយលើកឡើងក្នុងន័យស្រដៀងគ្នាថា ជីមមី ពិតជាមានសមត្ថភាពក្នុងការតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធីបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក។ ទោះលិទ្ធផលយ៉ាងណា ក៏អស់ចិត្តដែរ ព្រោះកម្ពុជា មានតំណាងដ៏មានសមត្ថភាពទៅប្រកួត៕