(ភ្នំពេញ)៖ តារាចម្រៀង សោភា ទេពី និង វង្ស ថាណាន់ ត្រូវបានគេកត់សម្គាល់ថា មានភាពស្និទ្ធស្នាលនិងល្អូកល្អឺនជាមួយគ្នាគួរឱ្យកត់សម្គាល់។ ថ្មីៗនេះអ្នកទាំងពីរបានទម្លាយរូបថត បែប Pre-Wedding យ៉ាងគួរឱ្យស្រឡាញ់ ហើយត្រូវបានអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដ។

ជឿជាក់ថាប្រិយមិត្តមិនតិចនោះទេដែល បានស្គាល់តារាចម្រៀងប្រុសស្រីវ័យក្មេងគឺ កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ ដែលកំពុងមានឈ្មោះបោះសម្លេង និងទីផ្សារខ្លាំងលើវិថីសិល្បៈ។ មានការចាប់អារម្មណ៌យ៉ាងខ្លាំង បន្ទាប់ពីរូបភាពថតគ្រងឈុតអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀបដូចកូនកម្លោះក្រមុំដ៏ស្រស់ស្អាត ជាច្រើនសន្លឹកយ៉ាងល្អូកល្អឺនជាមួយគ្នាត្រូវបានសមីខ្លួនទាំងសងខាងបង្ហោះឡើងអមជាមួយនឹងអត្ថន័យស្នេហាដ៏ជ្រាលជ្រៅ។ ស្របពេលដែលតារាមួយគូរនេះក៏គេដឹងថាធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលដូចគូរសង្សាជាមួយគ្នាពីមុនមកហើយក៏ ស្ងាត់មួយរយៈ ទើបត្រូវបានអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងស្នេហា និងចាប់ដៃគ្នាជាថ្មីម្ដងទៀត។

ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះគឺគ្រាន់តែថតសម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និងខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្តនាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។

យ៉ាងណាមិញមតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថាពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរស្នេហ៍ពិតប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីព និងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ៕