(ភ្នំពេញ)៖ លោក នឿន នាគស៊ីណាត្រា គឺជាតារាចម្រៀង Original Song មួយរូប ដែលបច្ចុប្បន្នត្រូវបានមហាជនសង្កេតឃើញថា មានសន្ទុះទីផ្សារសិល្បៈគួរឲ្យកត់សម្គាល់ ក្រោយទទួលបានឱកាសចេញទៅសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីឆ្លងឆ្នាំដ៏ធំមួយនៅប្រទេសចិន កាលពីពេលថ្មីៗនេះ។ តាមរយៈការចេញទៅសម្តែងនេះ ក្រៅពីបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅកាន់អ្នកទស្សនា ដែលចូលរួមជិត៣ម៉ឺននាក់ហើយនោះ គឺទទួលជោគជ័យខ្លាំងផងដែរ ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ រួមទាំងបងប្អូនចម្រុះជាតិសាសន៍ជាច្រើន ដែលមានវត្តមានក្នុងកម្មវិធីនោះផងដែរ។

ថ្លែងតាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ Fresh News និង Khmer Talking តារាចម្រៀង និងជាពិធីករប្រុសរូបសង្ហារ លោក នឿន នាគស៊ីណាត្រា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលលោកទទួលបានឱកាសចេញទៅសម្តែងនៅក្រៅប្រទេស ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈជាង៥ឆ្នាំ។ ដោយសារសមត្ថភាពច្រៀង និងទេពកោសល្យផ្ទាល់ខ្លួនល្អ ត្រូវបានស្ថានីយទូរទស្សន៍មួយនៅកម្ពុជា សហការជាមួយក្រុមការងារនៅប្រទេសចិន បញ្ចូនលោកឲ្យតំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ។

ក្រោយបញ្ចប់ការសម្តែង បច្ចុប្បន្ននេះលោកបានត្រឡប់មកប្រទេសកម្ពុជាវិញហើយ ប៉ុន្តែអ្វីដែលចងចាំមិនភ្លេច និងអនុស្សាវរីយ៍ជាច្រើននោះ គឺលោកបាននាំនូវភាពជោគជ័យប្រឡប់មកមាតុភូមិវិញ ពោលគឺទទួលបានការពេញចិត្តខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំទាំងនៅកម្ពុជា និងចិន ចំពោះវត្តមានសម្តែងរបស់លោក។ ជាពិសេស លោកបានជូននូវក្រមាខ្មែរ ដល់ថ្នាក់ដឹកនាំនៃស្ថានទូតខ្មែរ និងចិន សម្រាប់ជាអនុស្សាវរីយ៍ផងដែរ។

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ ដែលលោក នឿន នាគស៊ីណាត្រា ចូលរួមថ្មីៗនេះ ក្រៅពីកម្ពុជាមានលោកជាតំណាងហើយនោះ គឺមានសិល្បករមកពីបណ្តាប្រទេសជាច្រើនទៀតចូលរួម ពោលគឺប្រទេសនៅអាស៊ាន និងប្រទេសផ្សេងៗទៀតជិត២០ឯណោះ។ ក្រៅទទួលបានភាពជោគជ័យតាមរយៈកម្មវិធីនេះ លោកបានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសចេញទៅសម្តែងម្តងទៀតផងដែរ។

លោក នឿន នាគស៊ីណាត្រា គឺជាអតីតតារាចម្រៀងមួយរូបក្នុងផលិតកម្ម Rock ដោយកាលណោះលោកមានឈ្មោះថា ពៅ ពេជ្រ ហើយទើបតែប្តូរឈ្មោះ មក នឿង នាគស៊ីណាត្រា ពេលចេញពីផលិតកម្ម Rock។ បច្ចុប្បន្នគឺជាតារាចម្រៀង Original Song និងធ្វើជាពិធីករក្នុងកម្មវិធីធំៗផងដែរ៕