(ភ្នំពេញ)៖ តើនរណាខ្លះ នៅមិនទាន់បានទស្សនា​ ខ្សែភាពយន្ត​​រឿង «ឃ្លាតទៅសែនឆ្ងាយ»? ភាពយន្តដែលបង្ហាញពីប្រវត្តិឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបដ៏ខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ (របបខ្មែរក្រហម) នៅតែអាចធ្វើឲ្យទស្សនិកជន សម្រក់ទឹកភ្នែកដដែល ជាពិសេសទស្សនិកជ​ន ដែលធ្លាប់ឆ្លងកាត់នូវរបបវាលពិឃាដ ដ៏យង់​ឃ្មងមួយនេះ ព្រោះតែភាពឈឺចាប់ ព្រាត់ប្រាស់បងប្អូន បែបបាក់គ្រួសារគ្មាន​ថ្ងៃបំភ្លេចបាន។

បើទោះជាខ្សែភាពយន្តមួយនេះ បានចាក់បញ្ចាំងអស់រយៈពេលច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែ​ខ្សែភាពយន្តនេះ នៅតែអាចទាញអារម្មណ៍ទស្សនិកជន ឲ្យចង់ទស្សនាម្តងហើយម្តងទៀត ទោះដឹងថា នៅពេលកំពុងទស្សនាខ្សែភាពយន្តមួយនេះហើយ ត្រូវហូរទឹកភ្នែកដោយមិនដឹងខ្លួនក៏ដោយ។

ភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ត្រូវបានជ្រើសរើសយកមកបញ្ចាំងឡើងវិញ នៅក្នុងស្ថានីយទូរទស្សន៍ CTN ចំថ្ងៃខួបលើកទី៤១ ឆ្នាំ ថ្ងៃរំដោះ៧មករា ដោយក្នុងនោះទស្សនិកជន អាចចូលរួមឆ្លើយសំណួរ បញ្ចេញមតិយោបល់ ដែលទាក់ទងនឹងសាច់រឿង និងបង្ហាញអារម្មណ៍ពិតរបស់​ខ្លួន ចំពោះអ្នកដែលបានឆ្លងកាត់របបដ៏ឈឺចាប់មួយនេះ។​ ជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តខ្មែរ គឺដើម្បីឲ្យកូនខ្មែរទាំងអស់ គ្រប់ស្រទាប់ យល់ដឹងកាន់តែច្បាស់ពី «របបប្រល័យពូជសាសន៍ខ្មែរក្រហម»​។

សូមបញ្ជាក់ថា ចំពោះទស្សនិកជន ដែលមិនទាន់បានទស្សនាភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ​នឹងមានផ្សាយជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទីយប់៕