(ភ្នំពេញ)​៖ តារាសម្ដែងមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស បានឲ្យដឹងថា នាងមានមោទកភាពខ្លាំង ចំពោះព្រឹត្តិការណ៍មហោស្រពភាពយន្ដ លើកទី៥៩ ជាលក្ខណៈអន្ដរជាតិ នៅទីក្រុងម៉ាកាវ នៅប្រទេសចិន សម្រាប់ឆ្នាំ២០២០ ​នេះ ដោយ​សារតែនាងបានក្លាយជា មគុទ្ទេសតំណាងឲ្យប្រទេសកម្ពុជា ដើម្បីនាំយកវប្បធម៌ និងអរីយធម៌ខ្មែរ ទៅបង្ហាញក្នុងវេទិកាអន្តរជាតិមួយនេះ។ ភិន សុដាលីស បញ្ជាក់ថា សម្រាប់រូបនាងផ្ទាល់ ​នេះជាលើកទី២ហើយ ដែលបានចូល​វេទិកាអន្តរជាតិនៅចិន ហើយនាងបានត្រៀមបង្ហាញ​នូវសម្លៀកបំពាក់ខ្មែរ ដើម្បីតំណាងពីអត្តសញ្ញាណរបស់ខ្មែរ នៅលើកម្រាលព្រំដ៏អស្ចារ្យមួយនេះ។

ជាការពិត សម្រាប់តារាសម្ដែង ភិន សុដាលីស និងតារាសម្ដែងផ្សេងទៀត រួមនឹងក្រុមការងារជាច្រើននាក់​ បានឡើងយន្ដហោះទាំងព្រឹកព្រលឹម ​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកម្មវិធី «59th Asia Pacific Film Festival» ២០២០ លើកទី៥៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ខណៈដែលផលិតកម្មមហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿង ជាប់​ក្នុងចំណោមភាពយន្ដទាំង៥០រឿង ដែលមាន៧៨ប្រទេស​​ចូលរួម។ ភាពយន្តទាំងពីរនោះ គឺរឿង «ព្រលឹង» និងរឿង «លោកឪពុក»។

ភិន សុដាលីស បង្ហាញខ្លួនក្នុងវេទិកានោះ ក្នុងនាមជាតំណាងឲ្យរឿង​ «លោកឪពុក» ជាមួយតារាសម្ដែង ចាន់ រតនា ស្របពេលដែលលោក ភឹម តារាវិបុល ទៅតំណាងឲ្យភាពយន្ដរឿង «ព្រលឹង» ជាមួយតារាសម្ដែងលោក មូល សារ៉ាវ៉ាន់ និងលោក ហេង នរៈកក្កដា។

​លោក ភឹម តារាវិបុល ​បានឲ្យដឹងថា សម្រាប់លោកក៏ជាលើកទី២ដែរ ដែលបានទៅចូលរួមមហោស្រពភាពយន្ដនៅចិន​នេះ។ លោកមានអារម្មណ៍រីករាយ​ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ នៅពេលដែលលោកជាតារាសម្ដែងខ្មែរម្នាក់ ប៉ុន្តែមានឱកាសដើរលើកម្រាលព្រំក្រហម​។ ​លោកនឹងបង្ហាញសម្លៀកបំពាក់អត្តសញ្ញាណរបស់ខ្មែរ នៅវេទិកាដ៏ពិសេសមួយនេះផងដែរ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលផលិតកម្មមួយនេះបានបង្ហាញខ្លួន នៅលើវេទិការអន្ដរជាតិមហោស្រពនៅចិន។ លោកថា ចំពោះឆ្នាំនេះ មហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿង គឺ «ព្រលឹង» និងរឿង «លោកឪពុក» ជាប់ក្នុងចំណោមរឿងទាំង៥០ ប៉ុន្ដែការប្រកួតចុងក្រោយយ៉ាងណានោះ លោកមិនហ៊ានសន្និដ្ឋានជាមុនទេ។

លោក អ៊ិន សុភិន បន្តថា នេះក៏ជាលើកទី១ដែរ ដែលមហោស្រពភាពយន្ដនៅចិន ជ្រើសរើសគណៈកម្មការខ្មែរ ​ទៅចូលរួម គឺលោក ​សុខ សំអាត ខណៈដែលការប្រកាសពាន​នឹងធ្វើនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំ​។​ តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់ស្រុកវិញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ថា សម្រាប់ឈុតសម្លៀកបំពាក់ ដែលនាងត្រៀមយកទៅប​ង្ហាញ នៅក្នុងព្រឹត្តិការណ៍ «59th Asia Pacific Film Festival » នៅក្នុងប្រទេសចិន គឺ​នាងមិនបានបង្ហោះជាសាធារណៈ ឲ្យមហាជនបានដឹងជាមុននោះឡើយ ដោយនាងរង់ចាំថ្ងៃឡើងលើវេទិកាតែម្ដង ទើបបញ្ចេញឲ្យអន្តរជាតិបានឃើញ៕ ​