(ក្រុងមីឡេន)៖ ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រូវបានដាក់ឲ្យចូលលេង ១ប្រកួតដំបូងក្នុងក្លឹបថ្មី AC Milan ក្នុងលទ្ធផលបញ្ចប់ផ្លូវការស្មើគ្នា ០-០ ទល់នឹងក្រុមភ្ញៀវ Sampdoria បញ្ចប់ជើងទី១ នៃលីគកំពូលអ៊ីតាលី Serie A នារាត្រីថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

សមាជិកថ្មី វ័យ៣៨ឆ្នាំ Zlatan ត្រូវបានប្តូរចូលនៅនាទីទី៥៥ ដើមវគ្គទី២ ជំនួសមិត្តរួមក្រុម Krzysztof Piatek ជាមួយនឹងឱកាសរកបានគ្រាប់បាល់ផងដែរដោយការតែតបញ្ចូលទី តែត្រូវបានអ្នកចាំទី Emil Audero សង្រ្គោះបាន និង១ក្បាលទៀត ប៉ះចំរបារទីខាង Sampdoria។

តាមរយៈលទ្ធផលស្មើនេះដែរ បានធ្វើឲ្យ AC Milan បន្តឈរនៅលេខរៀងទី១២ បណ្តោះអាសន្ននៅពីលើ Sampdoria ៤លេខ ដែលកំពុងឈរនៅលេខរៀងទី១៦ គិតត្រឹមបញ្ចប់ជើងទី១ នៃ Serie A រដូវកាលឆ្នាំ២០១៩-២០២០។

កីឡាកររបស់ស៊ុយអែត Zlatan Ibrahimovic ធ្លាប់លេងនៅទឹកដី San Siro នៅអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ដោយឈ្នះពាន Serie A ជាមួយ Milan នៃរដូវកាលឆ្នាំ២០១០-២០១១ ទៀតផង ក្នុងចំណោមការរកបានគ្រាប់សរុប ១២២គ្រាប់នៅប្រទេសអ៊ីតាលីពីការលេងឲ្យ ៣ក្លឹបធំៗរួមមាន AC Milan, Inter Milan និង Juventus៕