(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល និងកក្រើកទីផ្សារដោះដូកីឡាករ បន្ទាប់ពីពួកគេ បាននាំចូលកីឡាករថ្មីៗ ៥រូប ដើម្បីត្រៀមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលថ្មីឆ្នាំ២០២០ ខាងមុខ។

សម្រាប់សមាជិកថ្មីរបស់ក្រុមជើងឯករងឆ្នាំចាស់នេះ រួមមានខ្សែបម្រើ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀង ដែលផ្ទេរមកពីក្លឹបក្រសួងការពារជាតិ និងសុទ្ធតែជាកីឡាករជម្រើសជាតិកម្ពុជា។ រីឯ ៣រូបទៀត សុទ្ធតែជាកីឡាករបរទេស រួមមានកីឡាករអាហ្វ្រិកខាងត្បូង Alisher Mirzaev ខ្សែការពារផ្ទេរមកពីក្រសួងការពារជាតិ។ កីឡាករជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai ផ្ទេរមកពីក្លឹបភ្នំពេញក្រោន និងកីឡាករជម្រើសជាតិអ៊ូបេគីស្ថាន Alisher Mirzaev ផ្ទេរមកពីលីគទី២ អ៊ូបេគីស្ថាន។

ជាមួយការនាំចូលកីឡាករថ្មីៗខាងលើ វិសាខាត្រូវបានអ្នកគាំទ្រចាត់ទុកជាក្លឹបមួយ ដែលនឹងមានការប្រកួតប្រជែងខ្ពស់ សម្រាប់រដូវកាលថ្មីខាងមុខ ដ្បិតធនធានកីឡាករបច្ចុប្បន្នរបស់ពួកគេ ក៏សម្បូរដោយកីឡាករល្អៗ និងជាកីឡាករជម្រើសជាតិកម្ពុជាទៀតផង។ ជាក់ស្ដែងកាលពីពេលថ្មីៗ វិសាខាបានប្រកាសបន្ដកិច្ចសន្យាជាមួយកីឡាករក្នុងស្រុកជាច្រើន អមដោយកិច្ចសន្យារយៈពេលវែងផងដែរ៕