(ភ្នំពេញ)៖ លោក វង្ស ពិសិដ្ឋ ផលិតករ បានថ្លែងឲ្យដឹងក្នុងពិធីបើកសម្ពោធបញ្ចាំង ភាពយន្តរឿង «គ្រូប៊ីអាយជី» ​នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះថា ភាពយន្តមួយនេះ នឹងកំណត់ដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដោយថវិកាចំណេញពីការលក់សំបុត្រ២០ភាគរយ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និង​ជូនមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង​។ ការសម្រេចចិត្តរបស់ក្រុមការងារទាំងមូលនោះ គឺដោយសារតែលោក​ចង់ឲ្យស្នាដៃដែលប្រឹងផលិតបាន គឺជារឿងរបស់មហាជនទាំងមូល ដែលមានន័យថា តម្លៃសំបុត្ររបស់មហាជន នឹងក្លាយជាប្រយោជន៍របស់សង្គម២០ភាគរយ។ លោកក៏ទទូចឲ្យចូលរួមគាំទ្រភាពយន្តខ្មែរមួយនេះ ឲ្យបានច្រើន​ ដើម្បីលើកទឹកចិត្តផលិតករ និង​បានរួមចំណែកជួយសង្គម។

ជាការពិតផលិតករល្បីឈ្មោះលោក វង្ស ពិសិដ្ឋ ប្រឡូកក្នុងការងារជាអ្នកដឹកនាំ សម្ដែងអស់ច្រើនឆ្នាំ បានសម្រេចចិត្តចាប់ដៃ​ជាមួយ លោក ម៉ារ៉ា ប៊ុណ្ណា ចេញផលិតភាពយន្ត ដោយខ្លួនឯងតែម្ដង ក្នុងរឿង «គ្រូប៊ីអាយជី»។ នេះជាភាពយន្តខ្នាតធំ ដែលគេមើលឃើញថា គឺជាការបញ្ចេញក្បាច់គុន ដែលលោកធ្លាប់តែផលិតរឿងឲ្យគេ មកផលិតស្នាដៃជារបស់ខ្លួន ដែលមិនខុសពីការប្រមូលវិជ្ជាគុនបង្អួត និងលើកស្ទួយដល់វិស័យភាពយន្ត។

លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាដៃគូសហការ និងជាតារាចម្រៀងល្បីមួយរូបផង បានថ្លែងថា រឿង «គ្រូប៊ីអាយជី» គឺជារឿងដែលលោកចំណាយដើមទុនផលិត ក្រោមការចាប់ដៃជាមួយម្ចាស់ផលិតកម្មជាដៃគូ គឺលោក វង្ស ពិសិដ្ឋ និង​ក្រុមការងារផ្សេងទៀត តាំងពីរង្វង់១ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកពីភាពយន្តនេះ សម្រិតសម្រាំងច្រើន ដោយមានប្លង់ខ្លះត្រូវថតឡើងវិញ និងកែកុនបច្ចេកទេសជាច្រើន នៅពេលយល់ថាខ្វះខាត ដើម្បីឲ្យភាពយន្តនេះមានទាំងស្ដង់ដារពេញលេញ​។ លោកថាមួយរឿងនេះ លោកប្រាកដចិត្តខ្ពស់ទាំងគុណភាពរឿងទាំងប្លង់ ទាំងសំឡេង ដែលលោកធានាថា គឺមានស្ដង់ដាប្រកួតប្រជែងគ្រប់គ្រាន់។ ក្នុងនោះវត្តមានប្រមូលផ្ដុំគ្នាសុទ្ធតែតារាល្បីៗរួមមាន អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, នាយក្រិន និង លោក ប៊ីអាយជី ជាដើម ព្រមជាមួយនឹងការរំលេចឈុតភ័យរន្ធត់ សើចហៀរទឹកភ្នែក និងមនោសញ្ចេតនាស្នេហា ក្នុងផ្ទៃរឿងតែមួយ ក៏ជាទំនុកចិត្តសម្រាប់ការទាក់ទាញអ្នកគាំទ្រ។

លោក វង្ស ពិសិដ្ឋ បន្ថែមថា ដ្បិតថា នេះជាភាពយន្តថ្មី ដែលជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចេញថ្មីដៃលើកដំបូងនោះទេ ដោយសារតែនៅក្នុងវិស័យភាពយន្ត លោកបានផលិតរឿងឲ្យទូរទស្សន៍ និង ផលិតកម្មមានចំនួនរាប់មិនអស់ទៅហើយ ទើបលោកមានទំនុកចិត្ត៕