(សេអ៊ូល)៖ កាលពីថ្ងៃទី៦ ខែមករា ផលិតកម្ម CJ បានចេញសេចក្តីសម្រេចថា ក្រុមចម្រៀងបុរសល្បីឈ្មោះបោះសំឡេង X1 នឹងមិនមានតទៅទៀតទេ ពោលគឺសម្រេចថារំសាយ បន្ទាប់ពីអ្នកគ្រប់គ្រង និងសមាជិកនៃក្រុមនេះ មិនអាចឈានដល់កិច្ចព្រមព្រៀងសមស្របមួយ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២០។

ជាការកត់សម្គាល់ ក្រុមចម្រៀងប្រុស X1 បានបង្កើតឡើងតាមរយៈកម្មវិធី «Produce X 101» ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ល្បីមួយនៅកូរ៉េ Mnet TV. ក្រុម X1 ក៏ត្រូវបានគេដឹងថា មានសមាជិកចំនួន១១នាក់ មកពីភ្នាក់ងារផ្សេងគ្នា។ ក្រុមនេះបានបង្ហាញខ្លួនលើកដំបូង ក្នុងខែសីហា ឆ្នាំ២០១៩ ជាមួយនឹងអាល់ប៊ុមរបស់ពួកគេ ឈ្មោះថា «Emergency: Quantum Leap» ហើយថែមទាំងទទួលបានពានរង្វាន់ចំនួន១១ផងដែរ តាមរយៈការបង្ហាញខ្លួននោះ។

យ៉ាងណាមិញ ក្រុមនេះស្រាប់តែទទួលរងនូវរឿងអាស្រូវមួយចំនួនស្របពេលជាមួយគ្នា ទាក់ទងនឹងច្បាប់នៃកម្មវិធីទូរទស្សន៍ ពោលសមាជិកក្រុមនីមួយៗក្នុង គួរណាតែជ្រើសរើសដោយទស្សនិកជន ប៉ុន្តែពាក្យចចាមអារ៉ាមចេះតែសាយភាយជាបន្តបន្ទាប់ ដោយអះអាងថា ការបង្កើតក្រុម X1 គឺការរៀបចំទុកជាមុន។ ក្រោមហេតុផលនេះគឺទាមទារឲ្យមានការស៉ើបអង្កេតជាផ្លូវការផងដែរ។

រហូតមកទល់នឹងពេលនេះ ផលិតកម្ម CJ បានបញ្ចេញសេចក្តីប្រកាសជាផ្លូវការ ទាក់ទងនឹងការរំសាយក្រុមចម្រៀងប្រុសដ៏ល្បី X1 ដោយលើកឡើងថា «យើងបានព្យាយាមបន្តការផ្សព្វផ្សាយក្រុម X1 ប៉ុន្តែដោយសារមានការខ្វែងគំនិតគ្នាពីភ្នាក់ងារ និងគោរពសេចក្តីសម្រេចចុងក្រោយរបស់ពួកគេក្រុម X1 សម្រេចថារំសាយតែម្តង»