(ភ្នំពេញ)៖ «ដើម្បីកូន» ជាខ្សែភាពយន្តដ៏ថ្មីសន្លាងមួយរបស់ផលិតកម្ម «កថាជ័យ» ដែលដកស្រង់ចេញពីរឿងពិត ក្នុងសង្គមខ្មែរ បង្វែរទស្សនីយភាពថ្មីប្លែកអារម្មណ៍ សម្រាប់ទស្សនិកជន ត្រូវបានផលិតករអះអាងថា គ្រោងនឹងយកទៅចាក់បញ្ចាំងនៅ៦ប្រទេសផ្សេងគ្នាខណៈដែលសាច់រឿងស្ដែងនូវខ្សែជីវិតអប់រំតស៊ូ មួយនេះ បានចំណាយដើមទុន ក្នុងការផលិតអស់ជាង៦ម៉ឺនដុល្លារ។

ចាងហ្វាងផលិតកម្ម «កថាជ័យ» លោក ហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលលោកបានផលិតខ្សែភាពយន្ត ​បង្ហាញពីជីវិតកម្សត់ ចាប់តាំងពីលោកប្រឡូកក្នុងអាជីពមួយនេះ រយៈពេលជាង២០ ឆ្នាំ ដោយប៉ុន្មានឆ្នាំលោកបានផលិតតែរឿងខ្មោច ស្នេហា និងកំប្លែងតែប៉ុណ្ណោះ។ ដូច្នេះលោកចង់បំបែកទីផ្សារភាពយន្ត តាមរយៈការផលិតជាសាច់រឿងថ្មី បង្ហាញពីជីវិតកម្សត់ បង្កប់នូវអត្ថន័យអប់រំមនុស្សក្នុងសង្គម ឲ្យបានយល់កាន់តែច្បាស់ ពីការលះបង់ដើម្បីកូន ពីសំណាក់លោកឪពុកគ្រប់ៗរូប។

ផលិតកររូបនេះបន្តថា ក្រោយពីធ្វើការចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជា លោកមានគម្រោងនាំយកភាពយន្តជីវិតរឿង «ដើម្បីកូន» មួយនេះ ទៅចាក់បញ្ចាំងនៅ៦ ប្រទេសផ្សេងទៀត ក្នុងនោះមានដូចជា ប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ប្រទេសថៃ ឡាវ កូរ៉េ និងប្រទេសចិន ជាដើម។

ជាមួយគ្នានេះ ផលិតករ និងជាម្ចាស់ផលិតកម្ម «កថាជ័យ» លោក ហ៊ុយ យ៉ាឡេង ក៏ទទូចដល់មហាជន គ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យ ឲ្យងាកមកទស្សនាខ្សែភាពយន្តរឿង «ដើម្បីកូន» ដែលជាសាច់រឿងបែបកម្សត់ អប់រំ ឲ្យបានច្រើន ដើម្បីលើកស្ទួយទីផ្សារភាពយន្តនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ខ្សែភាពយន្តបែបអប់រំ ដកស្រង់ចេញពីជីវិតពិតក្នុងសង្គមរឿង «ដើម្បីកូន» របស់ផលិតកម្ម «កថាជ័យ» នឹងចាប់ផ្ដើមធ្វើការចាក់បញ្ចាំង នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅគ្រប់រោងភាពយន្ត។ ក្នុងនោះ ផលិតករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហាញពីក្តីរំពឹងយ៉ាងមុតមាំ ថាមានការគាំទ្រច្រើន ព្រោះនេះជារឿង មួយដកស្រង់ចេញពីជីវិតពិត និងអប់រំ អាចទស្សនាបានគ្រប់វ័យ មិនដូចរឿងភ័យរន្ធត់ទស្សនាបានសម្រាប់ តែយុវវ័យនោះទេ៕