(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក League Cup (Carabao Cup) មេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United រហូតដល់ទៅ ៣-១ សម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

នេះក៏ជាការសងសឹកគូប្រជែងចាស់ ដែលពួកគេធ្លាប់ចាញ់ ២-១ កាលពីជើងទី១ នៅ Premier League នៅកីឡដ្ឋាន Etihad។

យ៉ាងណាក៏ដោយ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup ជាបន្តទៀត មុនពេលបញ្ចប់ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋាន Etihad វិញម្តង គ្រាដែល Leicester City នឹងត្រូវប៉ះក្រុមភ្ញៀវ Aston Villa សម្រាប់ជើងទី១ នារាត្រីនេះនៅកីឡដ្ឋាន King’s Power។

កីឡាករ Bernado Silva ជាអ្នករកបានគ្រាប់ទី១ នៅនាទី១៧ មុនពេលមិត្តរួមក្រុម Ryad Mahrez ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៣៣ និង Pereira ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៣៨ ជាមួយនឹង Marcus Rashford រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Ole នៅនាទី៧០ នៃវគ្គទី២៕