(អាហ្រិក)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Sadio Mane បានឈ្នះពានរង្វាន់កីឡាករលេងល្អ African Player of the Year 2019 ជាលើកដំបូងប្រចាំឆ្នាំ២០១៩ ក្នុងអាជីពបាល់ទាត់នាពេលបច្ចុប្បន្នដែលកំពុងឲ្យក្លឹប Liverpool របស់អង់គ្លេស ដែលរូបគេឈ្នះពិន្ទុគូប្រជែង Mohamed Salah និង Riyad Mahrez។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

ខ្សែប្រយុទ្ធសញ្ជាតិសេនេហ្គាល់ Sadio Mane បានឈ្នះពាននេះជាលើកដំបូងដែលមានគូប្រជែងដូចជាមិត្តរួមក្រុម Mohamed Salah សញ្ជាតិអេហ្ស៊ិប ដែលធ្លាប់ឈ្នះពាននេះកាលឆ្នាំ ២០១៧និង ២០១៨ និងខ្សែបម្រើសញ្ជាតិអាល់ហ្សេរី Riyad Mahrez របស់ក្លឹប Manchester City ធ្លាប់ឈ្នះពានកាលឆ្នាំ២០១៦ ខណៈ Mane ក៏កំពុងរកបាន ១៩គ្រាប់ក្នុង ៦៩ប្រកួតជាមួយក្រុមជម្រើសជាតិ។

កីឡាករអន្តរជាតិវ័យ ២៧ឆ្នាំ Mane ជាកីឡាករមកពីតំបន់អាហ្រិ្វក ដែលឈ្នះពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប UEFA Champions League 2018-2019 ជាមួយក្លឹបហង្សក្រហម Liverpool និងពានធំ FIFA Club World Cup ហើយបានជួយក្រុមជម្រើសជាតិសេណេហ្គាល់ ឡើងវគ្គ ៤ក្រុមចុងក្រោយពាន Africa Cup of Nations 2019 ដែលមានក្រុមអាល់ហ្សេរី ជាម្ចាស់ជើងឯក៕