(បាងកក)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំថៃ (Under-23) នឹងត្រូវប្រកួតបើកឆាកពានរង្វាន់ជើងឯកអាយុ ២៣ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Championship 2020 នារាត្រីនេះពីក្នុងពូល A មុនគេ ក្នុងចំណោម ១៦ប្រទេសចូលរួមលើកទី៤ នេះ។

ព្រឹត្តិការណ៍ AFC U23 Championship 2020 នឹងដំណើរការប្រកួតរយៈពេល ១៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលមានថៃធ្វើម្ចាស់ផ្ទះសម្រាប់យុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងនេះ និងមានក្រុម U23 អ៊ូបេគីស្ថាន ជាក្រុមការពារជើងឯកស្ថិតក្នុងពូល C និងជើងឯក U23 វៀតណាម ស្ថិតក្នុងពូល D។

U23 ថៃ ប៉ះ U23 បារ៉ែន នឹងធ្វើឡើងនៅវេលាម៉ោង ៨ និង ១៥នាទីយប់ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ក្រោយពេលក្រុម U23 អ៊ីរ៉ាក់ ប៉ះក្រុម U23 អូស្រ្តាលី ដែលនឹងធ្វើឡើងនៅម៉ោង ៥ និង ១៥នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែលស្ថិតក្នុងពូល A ជាមួយគ្នា។

ដោយឡែកសម្រាប់ឯកពូល B វិញរួមមានក្រុមកាតា ជប៉ុន អារ៉ាប៊ីសាអូឌីត និងស៊ីរី ជាមួយពូល C រួមមានក្រុម អ៊ូបេគីស្ថាន កូរ៉េខាងត្បូង ចិន និងអ៊ីរ៉ង់ និងពូល D ចុងក្រោយគេរួមមានក្រុមវៀតណាម កូរ៉េខាងជើង ហ្ស៊កដានី និងអារ៉ាប់រួម (UAE)៕