(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេងទើបពន្លកថ្មី និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យភាពយន្តខ្មែរ គឺកញ្ញា ឈិន មុន្នីនាថ ដែលត្រូវបានគេដឹងថា ជាកូនស្រីបង្កើតរបស់តារាចម្រៀងនិងជាតារាសម្តែង ឈិន កុសល ត្រូវបានមហាជនសង្កេតឃើញថា ការងារសិល្បៈរបស់នាង ហាក់លេចធ្លោយ៉ាងខ្លាំង ដោយថ្មីៗនេះបានបង្ហាញមុខ ក្នុងភាពយន្តមួយ ចាប់ដៃគូជាមួយតារាចម្រៀងប្រុស នូ ឧសភា គឺរឿង «អ្នកម៉ាក់វ័យក្មេង»។ យ៉ាងណាមិញ ឈិន មុន្នីនាថ ប្រាប់ថានាងរៀងក្រែងចិត្ត ពេលសម្តែងជាមួយ នូ ឧសភា ព្រោះទើបតែប៉ះគ្នាលើកដំបូង។

ការលើកឡើងបែបនេះ ពីសំណាក់កញ្ញា ឈិន មុន្នីនាថ គឺតាមរយៈការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ Fresh News និង Khmer Talking កាលពីពេលថ្មីៗនេះ។ កញ្ញា ឈិន មុន្នីនាថ បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលនាងបានចាប់ដៃគូសម្តែងជាមួយតារាចម្រៀង និងជាតារាសម្តែងប្រុស លោក នូ ឧសភា។ តាមរយៈការសម្តែងជាមួយគ្នាក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» កញ្ញា ឈិនមុន្នីនាថ ថា រៀងក្រែងចិត្ត ប៉ុន្តែពេលសម្តែងយូរទៅដឹងចិត្តថា លោក នូ ឧសភា ក៏ជាមនុស្សចូលចិត្តលេងសើចច្រើន ​ទើបឈប់ក្រែងចិត្ត។

តារាស្រីល្បីឈ្មោះ ជាប់រហស្សនាមថា «លីនីតូច» រូបនេះ បានបន្តថា បន្ទាប់ពីបញ្ជប់ការសម្តែងរឿងភាគខាងលើ បច្ចុប្បន្ននេះនាងកំពុងថតភាពយន្តដុំខ្នាតធំមួយ ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងរោងកុន នៅអំឡុងបុណ្យចូលឆ្នាំខ្មែរយ៉ាងមុខ ប៉ុន្តែសុំលាក់ចំណងជើងថា។ តែយ៉ាងណា នាងបង្ហើបបន្តិចថា ក្នុងរឿងខ្នាតធំនេះ នាងសម្តែងជាតួអង្គស្រីម្នាក់ មានចរិកឡិកឡក់ ដែលនេះជារសជាតិថ្មី ប្លែកមួយទៀតហើយ សម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា តារាសម្ដែង ឈិន មុន្នីនាថ ក្រោយលេខមុខក្នុងការខ្សែភាពយន្តល្បីៗជាបន្តបន្ទាប់ ត្រូវបានគេមើលឃើញថា នាងកំពុងតែមានទឹកមាត់លេបបណ្ដើរៗហើយ ខណៈដែលផលិតករ ក៏ដូចជាអ្នកដឹកនាំសម្ដែង សំឡឹងមើលពីសមត្ថភាព និងអាចមានឱកាសឲ្យនាងក្ដោបក្ដាប់ ការងារសិល្បៈ បានប្រសើរនាពេលអនាគត៕