(ភ្នំពេញ)៖ បន្ទាប់ពីបង្ហាញខ្លួនក្នុងនាមជាផលិតកម្មផលិតចម្រៀង ដោយមានទាំងបទល្អៗអោយតារាចម្រៀងរបស់ខ្លួនមានមុខនៅលើទីផ្សារ ផលិតកម្ម Bee Production ក៏បានបញ្ចេញរបស់តារាខ្លួនក្នុងការរៀបចំការប្រគំតន្ត្រីនៅខាងលិចផ្សារព្រៃទា ដែលនឹងធ្វើឡើងរហូតដល់៥ថ្ងៃចាប់ពីថ្ងៃទី៩ ដល់១៣ មករា ផងដែរ។ ក្នុងការប្រគំតន្ត្រីនេះ គេឃើញតារារបស់ Bee Production បង្ហាញខ្លួនទាំងអស់ ខណៈដែលតារាចម្រៀងល្បីៗមកពីផលិតផ្សេង ក៏ត្រូវបានអញ្ជើញ។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ «សុំទោសកំពង់ចាម» និងជាអ្នករៀបការប្រគំតន្ត្រីនេះ បានអះអាងថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីប្រគំតន្ត្រីកន្លងមក ។ ទើបក្រោយពេលលោកមានតួនាទីក្នុងផលិតកម្ម Bee Production លោកក៏នៅតែទទួលជោគជ័យក្នុងការរៀបចំប្រគំតន្ត្រី ដែលគឺជាយុទ្ធសាស្ត្រ ដែលមិនខុសពីជួយអោយតារាចម្រៀងថ្មីៗរបស់ផលិតកម្មលោកទាំងអស់ កាន់តែមានសកម្មភាព។

ជាក់ស្ដែងសម្រាប់ការបញ្ចេញសិល្បករអោយចេញច្រៀងក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទា ដែលធ្វើដល់ទៅ៥ថ្ងៃជាទ្រង់ទ្រាយធំនោះ មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក លោកបានបញ្ចេញតារាចម្រៀងរបស់ខ្លួន នៅក្នុងសកម្មភាពប្រគំតន្ត្រីតូចធំរបស់ខ្លួនរាប់ភ្លេចមកហើយ បន្ថែមពីលើសកម្មភាពឡើងឆាកទូរទស្សន៍របស់កូនក្រុម ដោយគ្រាន់តែសកម្មភាពប្រគំតន្ត្រីលើកនេះ ធំជាងសព្វដង និងជាកម្មវិធីដែលស្ថិតនៅទីប្រជុំជនជាយក្រុង ដែលពិតជាមានមនុស្សទស្សនាកុះករ។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀង តាំងពីនៅប្រទេសកូរ៉េនោះ បន្តថា ក្រុមតារាចម្រៀងរបស់លោកត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការបង្អួតបទចម្រៀងល្អៗ និងថ្មីៗ ក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទានោះ៕