(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Moussa Sissoko នឹងអវត្តមានពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ខែមេសា ឆ្នាំ២០២០ ខាងមុខ ដោយសារបញ្ហារបួសជង្គង់ខាងស្តាំធ្ងន់ធ្ងរ។

កីឡាករអន្តរជាតិបារាំង Sissoko បានទទួលរងរបួសជង្គង់ខាងស្តាំជាទម្ងន់ ពេលប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Southampton ១-០ បើកឆាកឆ្នាំថ្មី ២០២០។

កីឡាករស្បែកខ្មៅ វ័យ៣០ឆ្នាំខាងលើនេះ បានចូលលេងបាន ២០ប្រកួត ក្នុងចំណោម ២១ប្រកួតនៅ Premier League នារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ បន្ថែមលើមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធចំតួ Harry Kane ដោយមិនច្បាស់ពីរយៈពេលរបួសឡើយ។

Spurs ដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅ Jose Mourinho ឈរនៅលេខរៀងទី៦ ក្នុង PL ជាបណ្តោះអាសន្ន ចាញ់ក្រុមលេខ៥ តោខៀវ Chelsea ដល់ទៅ ៥ពិន្ទុ គិតត្រឹម ២២សប្តាហ៍ក្នុងជើងទី២នេះ៕