(ភ្នំពេញ)៖ អតីតបេក្ខភាព «The Voice Kids Cambodia» រដូវកាលទី១ អ៊ុក សុវណ្ណារី បានធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្ងាត់ៗ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានចេញនូវ បទចម្រៀងជាលើកដំបូង ក្នុងផលិតកម្ម Galaxy មានចំណងជើងថា «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា»។ បញ្ចេញចម្រៀងមិនទាន់បានប៉ុន្មានផង ពេលនេះ MV ផ្លូវការត្រូវបានបញ្ចេញហើយ គឺទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ព្រោះអ្នកគាំទ្រសង្កេតឃើញថា តារាវ័យក្មេងរូបនេះ សម្តែង និងចូលតួយ៉ាងសមក្នុងវីដេអូ ដែលជាផ្នែកមួយកាន់តែឲ្យចម្រៀងមួយទាក់ទាញអារម្មណ៍មហាជន។

«ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» គឺជាបទចម្រៀងមួយបទ ដែលពោរពេញទៅដោយអត្ថន័យ ឈឺចាប់ក្នុងរឿងស្នេហាជ្រាលជ្រៅ ជាស្នាដៃនិពន្ធដោយលោក យឹម តាស្រង់។ មួយវិញទៀត បទនេះ ជាបទថ្មីសម្រាប់យុវតី អ៊ុក សុវណ្ណារី ដែលអ្នកនិពន្ធបានខិតខំសម្រិតសម្រាំងឡើង យ៉ាងពិសេសទាំង ទំនុកច្រៀង និងអត្ថន័យ។

ក្រៅពីការបកស្រាយពិរោះរណ្តំ ត្រូវចិត្តទស្សនិកជនដែលកំពុងមានវិបត្តិស្នេហាហើយនោះ ងាកមកការសម្តែងរបស់ អ៊ុក សុវណ្ណារី គឺត្រូវបានទស្សនិកជនលានមាត់ថា ពិតជាល្អឥតខ្ចោះតែម្តង។

ចង់ដឹងចម្រៀងមួយនេះពិរោះ និងទាក់ទាញយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖