(មេនឆេស្ទើ)៖ កីឡាករខ្សែការពារថ្លៃជាងគេនៅ Premier League, Harry Maguire នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ ដោយសារបញ្ហារបួសត្រគាកនៅអំឡុងប្រកួតប្រកួតស្មើ ០-០ ទល់នឹងក្រុម Wolves ក្នុងព្រឹត្តិការណ៍ FA Cup ជុំទី៣ កាលសប្តាហ៍មុន។

កីឡាករអង់គ្លេស Maguire ក៏អវត្តមាន ពេល Manchester United ត្រូវបានក្រុមមេឃខៀវ Manchester City បំបាក់ ៣-១ ក្នុងពាន League Cup នារាត្រីពុធទៀតផងនៅកីឡដ្ឋាន Old Trafford។

លោក Ole អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Man Utd មិនប្រាកដពីរយៈពេលរបស់កីឡាករដែលបានទិញចូលពីក្លឹប Leicester City នោះទេ តែបានបញ្ជាក់ថា រូបគេក៏អវត្តមានពេល Man Utd ប៉ះ Man City ក្នុងជើងទី២ នៅ League Cup ចុងខែនេះដែរដែលធ្វើឲ្យអតីតក្រុមខ្លាំងមួយនេះមានបញ្ហាក្នុងតំបន់ការពារ ដ្បិតខ្សែការពារ Axel Tuanzebe និង Eric Bailly កំពុងមានបញ្ហារបួស និង Chris Smalling ត្រូវបានឲ្យ Roma ខ្ចីជើងទៀត។

មួយវិញទៀត កីឡាករខ្សែការពារ Victor Lindelof និង Phil Jones សុទ្ធតែមិនអាចទប់ជាប់ដែលត្រូវបានដាក់ចូលលេងជំនួសក្នុងជំនួបដែល Man City បំបាក់ ៣-១ ក្នុងទឹកដីនៃជើងទី១ League Cup ថែមទៀត៕