(ភ្នំពេញ)៖ បវរ​កញ្ញាឯក Miss Planet International 2019 គឺ​កញ្ញា Monique best មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​អញ្ជើញមក​ដល់ប្រទេស​កម្ពុជា​ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២០​ ជាមួយនឹង​រូបសម្រស់​ដ៏​ស្រស់​សោភា ព្រមទាំង​ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់​។ គ្រាន់តែមកដល់ ក្នុងប្រទេសកម្ពុជាជាថ្មីវិញភ្លាម កញ្ញា Monique best បានសម្ដែងអារម្មណ៍រំភើបរីករាយ ព្រោះតែនាងអាចសម្រេចបំណងប្រាថ្នា បានទស្សនកិច្ចប្រទេសកម្ពុជាគ្រប់ទីកន្លែង ជាពិសេសនាងក៏បានសន្យាថា នឹងចូលរួមក្នុងកិច្ចការសង្គម ផ្សព្វផ្សាយពីបរិស្ថាន ទេសចរណ៍ និងផ្ដល់ជូននូវបទពិសោធន៍ស្ដីពីការប្រកួត «Miss Planet International» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានប្រទេសចំនួន៧៥ បានបញ្ជូនបេក្ខភាពរបស់ខ្លួន ដើម្បីចូលរួម។

កញ្ញា​កំពូល​សម្រស់​ Monique best មាន​ទឹកចិត្ត​ប៉ងប្រាថ្នា​មក​ប្រទេស​កម្ពុជា​យូរ​មក​ហើយ ដោយពេល​នេះ​នាងសម្រេច​បំណងរបស់ខ្លួន បន្ទាប់​ពី​មាន​ផែនការ​ជា​ច្រើន ​ដែល​អ្នក​រៀបចំ​គ្រោងទុក​ជូននាង។ នា​ពិធី​ទទួល​បវរកញ្ញា​នោះ មាន​វត្តមាន អ្នកស្រី ស កេស​រ៉ា និង​ស្វាមី, លោក​ ហ៊ុន សុ​ផា ជំនួយការ​អម​ទីស្ដី​ការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ទីផ្សារ​សម្រាប់​ផ្នែក​បវរកញ្ញា, វេជ្ជ ទីវ វី​រៈ Le Premier Healthcare ។

កញ្ញា Monique best បានឱ្យ​ដឹង​ថា នាង​មក​ដល់​ប្រទេស​កម្ពុជា គឺជា​អារម្មណ៍​មួយ​ចង់​មក​ចូលរួម​យូរ​មក​ហើយ ទើបតែ​មាន​ពេលវេលា​សម​ស្រប​។ នាងមក​កាន់​ប្រទេស​កម្ពុជា​ចំនួន​១​ខែ ដើម្បី​បំពេញបេសកកម្ម​ជា​ច្រើន ដូច​ជា​ផ្សព្វផ្សាយ​បរិស្ថាន ទេសចរណ៍ និង​ការ​ចូលរួម​បង្ហាញ​វត្តមាន និង​បទ​ពិសោធន៍ ស្តី​ពី​ការ​ប្រកួត។​ ក្រោយ​ពី​ជាប់​ជា​បវរកញ្ញា​មក នាង​បាន​ចូល​ល​រួម​កម្មវិធី​ជា​ច្រើន​ដូច​ជា ផ្សាយ​ពី​ការ​ការពារ​បរិស្ថាន ចូលរួម​លើកទឹកចិត្ត​កុមារ​កំព្រា ជាដើម​។ លើស​ពី​នេះ នាង​នឹង​ចូលរួម​កម្មវិធី សន្និសីទ​សារព័ត៌មាន​ធ្វើ​នៅ​កម្ពុជា ស្តី​ពី​ការ​ប្រឡង​ជា​លក្ខណៈ​អន្តរជាតិ ដែល​មាន​៧៥​ប្រទេស ហើយ​កម្ពុជា ធ្វើ​ជា​អ្នក​រៀបចំ​មាន​រូប​នាង​ក៏​ចូលរួម​បំផុស​ផង​ដែរ​។

នាងក៏​បង្ហាញ​អារម្មណ៍​ថា មាន​ពេលវេលា​ល្អ​លើក​នេះ​ នាង​នឹក​ទៅ​កម្សាន្ត​នា​ខេត្តសៀមរាប ជា​ពិសេស​តំបន់​ប្រាសាទអង្គរវត្ត ព្រោះ​នាង​ស្រឡាញ់​ទីនោះ​ណាស់​។ សូមបញ្ជាក់ថា «Miss Planet International 2020» ដែល​ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំ​ឡើង​នៅ​ក្នុងអំឡុងខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ៕