(បាងកក)៖ ក្រុមម្ចាស់ផ្ទះ យុវជនអាយុក្រោម ២៣ឆ្នាំថៃ បានឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ននៃព្រឹត្តិការណ៍ AFC U23 Championship 2020 តាមរយៈបំបាក់គូប្រជែង U23 បារ៉ែនមិនឲ្យតដៃរួចក្នុងលទ្ធផល ៥-០ នាយប់មិញនេះនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃតែម្តង។

U23 ថៃ ដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនផងនោះ រកបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល៤៥នាទីនៃវគ្គទី១ មុនពេលបន្ថែម ៤គ្រាប់ទៀតក្នុងវគ្គទី២ ពោលគឺនៅនាទី៤៧ និង ១២ចុងក្រោយនៃវគ្គទី២ ថៃរកបានដល់ទៅ ៣គ្រាប់ដ៏អស្ចារ្យ។

តាមរយៈលទ្ធផលឈ្នះច្រើនគ្រាប់នេះដែរ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះដែលមានរហស្សនាម «ដំរីសឹក» ឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ន ដោយមាន ៣ពិន្ទុមុនពេល ក្រោយពេល U23 អូស្រ្តាលី ឈរនៅលេខ២ ដែលមានតែ ១ពិន្ទុពេលប្រកួតបានត្រឹមស្មើ ០-០ ទល់នឹង U23 អ៊ីរ៉ាក់នាថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ដូចគ្នា៕