(ចិន)៖ ចាត់ទុកជាមោទនភាពយ៉ាងខ្លាំង សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជាតិទាំងមូល ដែលភាពយន្តរឿង «លោកឪពុក» ក្រោមវត្តមានសម្ដែងដ៏ល្អ ពីសំណាក់តារាជើងចាស់លោក យស បូវណ្ណៈ ត្រូវបានគេប្រកាសឲ្យលើកពាន១ ក្នុងចំណោមពានដែលបានប្រកាស នៅក្នុងការប្រកួតភាពយន្តអន្តរជាតិ អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី០៨ មករា ឆ្នាំ២០២០ ខណៈដែលលោក អ៊ិន សុភិន ម្ចាស់ផលិតមហាហង្ស ត្រូវគេឃើញឡើងទទួលពានអន្តរជាតិមួយនេះ បើទោះជាពាននោះ មានឈ្មោះជាពានបុគ្គលក្នុងរឿងក៏ដោយ។

លោក អ៊ិន សុភិន បានថ្លែងទាំងអារម្មណ៍រំភើបរីករាយ​ថា លោកពិតជាមានអារម្មណ៍សប្បាយ​ចិត្តយ៉ាងខ្លាំង ដែលភាពយន្តរឿង «លោកឪពុក» ទទួលបានពានមួយលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត លើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។ បើទោះជាពានដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿងឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជាមោទនភាពដ៏ធំ ក្នុងនាមជាផលិតករខ្មែរ​ ដែលយករឿងមកប្រកួតលើឆាកអន្តរជាតិ ហើយទទួលបានពាន​ ដើម្បីឲ្យពិភពលោកបានដឹងថា ខ្មែរក៏មានឱកាសលើពានមួយ ក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។

លោកបន្តថា លោក យស បូវណ្ណៈ អត់បានដឹងថា ខ្លួនត្រូវបានគណកម្មការជម្រើសឲ្យជាប់ជាតួរងប្រុស ឬ​តួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោក ក៏ប្រហែលមកចូលរួម​ដែរ។ លោក អ៊ិន សុភិន និង លោក យស បូវណ្ណៈ បានឯកភាពគ្នារួចហើយថា សម្រាប់ពាននេះ គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹងផ្ញើឲ្យលោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់​ថា ការប្រកួតភាពយន្តនេះ ត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយមានប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។ ព្រឹត្តិការណ៍នេះប្រទេសកម្ពុជា គឺមានចំនួន២រឿង បានចូលរួមប្រកួត ដោយរឿង «ព្រលឹង» ជាប់ជារឿង «Best Visual Effect» ក្នុងចំណោមជម្រើសចុងក្រោយ និងរឿង «លោកឪពុក» ជាប់ពានផ្នែកតួរងឆ្នើម៕