(ភ្នំពេញ)៖ បន្ទាប់​ពី​បាន​ឃើញ គ្រួសារក្រីក្រខ្សត់​ជាស្ត្រីមេម៉ាយ ហើយត្រូវចិញ្ចឹមកូនតូចៗ១០នាក់ រកអង្ករហូបបាយស្ទើរគ្មាន និងបានដើ​រសុំឆ្អឹងត្រីគេ យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ មើល​ទៅ​គួរ​ឲ្យ​សង្វេគ ត្រូវ​បាន​ចែក​ចាយ​លើ​​បណ្ដាញ​សង្គម ​Facebook រួចមក តារា​ចម្រៀង​ តន់ ច័ន្ទសីម៉ា ដែលកំពុងតែមានឈ្មោះបោះសំឡេង បាន​ប្រកាស​​​​ថា ខ្លួន​​សូម​ជួយ​ឧបត្ថម្ភ នូវអង្ករ ១តោន​​ និងថវិកាមួយចំនួន សូមបងប្អូនជួយ Share ជូនដំណឹងឲ្យគាត់ដឹងផង នាង​ព្រមទាំង​ក្រុមការងារ និង​ចាត់ចែង​យកជូនពួកគាត់ ឬផ្តល់លេខ​ទូរស័ព្ទគាត់ ដើម្បី​នាង​ទាក់ទង​។

តាម​គណនី ​Facebook ឈ្មោះថា «Standard Living» បានបង្ហោះរឿងរ៉ាវដ៏គួរ​ឲ្យរំជួលចិត្តមួយ បន្ទាប់​ពី​ជួបក្មេងៗគ្រួសារក្រីក្រខ្សត់​ មកសុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ ឃើញ​ហើយ​ពិតជាសង្វេគមែនទែន។ គណនេយ្យខាងលើបានឲ្យដឹងបែបនេះថា «មិញនឹង​ (មុននេះបន្តិច) ខ្ញុំ​ទប់ទឹក​ភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់​ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណា លោកអើយលោក ខ្ញុំឲ្យមិត្ត​ទៅមើល​ហើយ​ក៏ខល​ទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយ ជាមួយឆ្អឹងត្រី​នឹងអំបិល​ម្ទេស​។ ខ្ញុំក៏សម្រេច​ប្រាប់​រឿងរកការជួយដល់គាត់ និយាយជាមួយគាត់ ហើយរំភើបឡើងយំ សូមបងប្អូន​ជួយគាត់ផង»

បើតាមគណនីហ្វេសប៊ុកដដែល បានឲ្យដឹងបន្ថែម ស្រ្តីខាងលើជាស្ត្រីមេម៉ាយ ហើយត្រូវ​ចិញ្ចឹម​កូន​តូចៗ​១០នាក់ រកអង្ករហូបបាយស្ទើរគ្មាន រស់នៅភូមិខ្នា​ ឃុំក្រទួត ​ស្រុក​ស្វាយ​ក្រៅ ខេត្តសៀមរាប។ នឹងមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ស៊ែរចែក​ចាយ ដោយ​ក្តុកក្តួល​ពេល​ឃើញរូបថតជាច្រើនសន្លឹក នឹងរូបភាពកំសត់របស់គ្រួសារក្រីក្រ​មួយនេះ ដោយ​ក្រសឹង​តែគ្មាន​អ្វីញាំ នឹង​សុំឆ្អឹងត្រីសល់ពីគេបោះចោលមកចែកគ្នាញ៉ាំ ពិតជាសង្វេគណាស់។

ទន្ទឹមនឹង​នោះ តារាចម្រៀងស្រីកំពុងក្រសោបបានប្រជាប្រិយ​ ក្រោយ​ឈានជើងចូលទ្រនំ​ធំ កាឡាក់ស៊ី ណា​វ៉ាត្រា របស់​ឧកញ៉ាវ័យក្មេងចិត្តសប្បុរស ឡេង ណាវ៉ាត្រា និងត្រូវអ្នក​គាំទ្រ​ស្គាល់ច្បាស់​ថា ជាម្ចាស់បទ «គេ​នោះ​ជាស្រីកាប់ដាវ» កញ្ញា តន់ ច័ន្ទសីម៉ា ក៏មិនអាច​ឃាត់ចិត្តទប់អារម្មណ៍​ ដ៏សែន​ស្រណោះចំពោះ​រូបភាព​​នេះ​បាន ក៏ចេញសារ​ប្រកាស​ផ្ដល់​នូវ​ទឹកចិត្ត​ខ្លួន​តាមរយៈ​ការជូន​ថវិកា និងគ្រឿង​ឧបភោគ​បរិភោគ ក្នុងសំណេរ​​មួយ​ថា «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមចែករំលែកក្តីស្រឡាញ់ និងសុំចូល​រួមចំណែ​កជួយ​គ្រួ​សាររបស់គាត់នូវ​ អង្ករ ១តោន ត្រីខ ១០យួរ មី ៣០ កេស និងថវិកា ២០ ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំងក្រុមការងារ និងចាត់ចែងយកជូនពួកគាត់ ឬផ្តល់លេខ​ទូរស័ព្ទគាត់ ដើម្បី​នាងខ្ញុំទាក់ទងទៅ»