(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យក្មេង ក្រម៉ិចក្រម៉ើម កញ្ញា គីម ហួរ បច្ចុប្បន្នត្រូវបានគេសម្គាល់ឃើញថា ប្រជាប្រិយភាពរបស់តារាសម្ដែងរូបនេះ ហាក់មានសន្ទុះនៃការគាំទ្រកើនឡើងខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលគេតែងសង្កេតឃើញវត្តមានស្រីស្រស់រូបនេះ លេចមុខ ជាហូរហែក្នុង MV នៃបទចម្រៀងជាច្រើន និងថ្មីៗនេះ​នាងបានរួមថតភាពយន្ន ក្នុងផលិតកម្មហង្សមាសទៀតផង។ ស្របពេលដែលសិល្បៈកំពុងឡើងកូដ កញ្ញា គីម ហួរ ក៏ជោគជ័យខ្លាំងលើមុខជំនួញផងដែរ ដោយថ្មីៗនេះ នាងបានបើកសម្ពោធហាងថ្មីរបស់ខ្លួន ​ដោយចំណាយអស់រាប់ម៉ឺនដុល្លារ។

ជាការពិតណាស់ ក្នុងកម្មវិធី បើកសម្ពោធហាងថ្មី កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នេះ ដែលរៀបចំឡើងយ៉ាងអធិកអធម មានវត្តមានអ្នកសិល្បៈល្បីៗជាច្រើនដួង បានចូលរួមធ្វើកម្មវិធីទាំងមូល កាន់តែមានភាពអធិកអធមតែម្ដង។ ជាមួយគ្នានេះ កញ្ញា គីមហួរ បានថ្លែងប្រាប់ឲ្យដឹងថា​ បច្ចុប្បន្ន ក្រៅពីមមាញឹកនឹងការងារសិល្បៈ ស្ទើរដកខ្លួនមិនរួចហើយនោះ នាងបានបង្កើតនូវអាជីពជំនួញផ្ទាល់មួយទៀត ​ជាហាងលក់អាហារ មានឈ្មោះថា «អឹមហ្វាយ» ក្រោយបើកដំណើរការបាន រយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រច្រើន ពីសំណាក់ភ្ញៀវ ជាពិសេសនោះ គឺមិត្តអ្នកសិល្បៈ តែងតែទទួលជួបជុំក៏ដូចជា ធ្វើកម្មវិធី នៅក្នុងហាងរបស់នាងផងដែរ។

ស្រីស្រស់ គីម ហួរ បានបន្តថា នេះជាជោគជ័យមួយទៀត ដែលនាងទទួលបាន ក្រៅពី​ការងារសិល្បៈ ព្រោះការបើកហាងរកស៊ី​បែបនេះ គឺជាក្ដីស្រមៃរបស់នាងតាំងពីនៅក្មេង ថានឹងបើកជាអាជីវកម្មមួយសម្រាប់ខ្លួនឯង។ ទីបំផុតរូបនាងក៏បានធ្វើវាដោយជោគជ័យ។ កញ្ញា គីម ហួរ ​បញ្ជាក់ថា ហាងថ្មីដែលទើបនឹងបើកសម្ពោធដំណើរការនេះ គឺមិនមែនតែនាងជាអ្នកចំណាយដើមទុននោះទេ ពោលគឺមានភាគហ៊ុនពីក្រុមគ្រួសារ និងគូស្នេហ៍នាងតែម្ដង ក្នុងនោះនាងមិនបានទម្លាយឲ្យដឹងទេថា ហាងថ្មីដែលមានឈ្មោះថា «អឹមហ្វាយ» បានប្រើដើមទុនចំណាយអស់ប៉ុន្មាននោះទេ គ្រាន់តែបញ្ជាក់ថា អស់ខ្ទង់ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា តារាសម្ដែងស្រីស្អាត គីម ហួរ ប្រឡូកចូលក្នុងវិស័យសិល្បៈរយៈពេល ប្រមាណជាង៣ឆ្នាំមកហើយ តាមរយៈការចូលរួមប្រឡង Freshie Girl ក្នុងឆ្នាំ២០១៤ ប៉ុន្តែមិនទទួលបានជយលាភីនោះទេ។ ក្រោយប្រឡងក្នុងកម្មវិធីនេះរួច ស្រីស្អាត គីមហួរ មិនទាន់ឈានជើងចូលប្រឡូកក្នុងសិល្បៈពេលលេញនោះទេ ទើបរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ទើបនាង​មានឱកាសច្រើន និងបង្ហាញវត្តមានច្រើន ក្នុងការសម្ដែង MV បទចម្រៀងជាច្រើន៕