(រីយ៉ាដ)៖ ក្រុមខ្លាំងប្រចាំទីក្រុងម៉ាឌ្រីដ ដែលមានក្រុមអធិរាជស Real Madrid ត្រូវប៉ះក្រុម Atletico Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish-Super Cup ក្រោយក្រុមរបស់លោក Diego Simeone បានយកឈ្នះ FC Barcelona ក្នុងលទ្ធផល ៣-២ នៃរាត្រីថ្ងៃទី១០ ខែកមរា ឆ្នាំ២០២០ នៅទីក្រុមរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ស្ថិតក្នុងការប្រកួតរវាងក្រុមខ្លាំង Barcelona បានបាត់បង់ឱកាសប្រជែងការពារតំណែងជើងឯករបស់គេ ក្រោយចាញ់Atletico Madrid នៅវគ្គ ៤ក្រុមចុងក្រោយ ដោយកីឡាករ KoKe បានស៊ុតគ្រាប់នាំមុខនៅនាទី៤៦ ដើមវគ្គទី២ មុនពេលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានស៊ុតគ្រាប់តាមស្មើវិញនៅនាទី៥១ និងមិត្តរួមក្រុម Antoine Griezmann រកបានគ្រាប់នាំមុខវិញនៅ ១០នាទីបន្ទាប់ គ្រាដែលក្រុមរបស់លោក Diego Simeone វាយបករកគ្រាប់ជ័យជម្នះវិញនៅនាទីចុងម៉ោងដោយខ្សែប្រយុទ្ធ Alvaro Morata ប៉េណាល់ទីនៅនាទី៨១ និងនាទៅនាទី៨៦ រកបានដោយ Angel Correa។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ Barcelona រកបាន ២គ្រាប់បន្ថែម តែត្រូវបាន VAR បដិសេធ ដោយសារតែបាល់ប៉ះដៃ Lionel Messi និង ១គ្រាប់ជាបាល់ off-side របស់កីឡាករខ្សែការពារ Gerard Pique នៅនាទីទី៥៩ និងនាទី៧៤។

លទ្ធផលនេះ បានធ្វើឲ្យក្រុមជើងឯកពាន Super Cup ៤ដង Atletico Madrid ឡើងទៅប៉ះក្រុមខ្លាំង Real Madrid ដែលបានទម្លាក់ Valencia ៣-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ខណៈពាននេះក្រុមដែលឈ្នះច្រើនជាងគេ គឺក្រុមអ្នកមានបុណ្យ FC Barcelona ដល់ទៅ ១៥ដង៕