(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Harry Kane នឹងអវត្តមានពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ខែមេសា ឆ្នាំ២០២០ ដោយសារតែបញ្ហារបួសសរសៃពួរជាទម្ងន់របស់គេ។

កីឡាករសញ្ជាតិអង់គ្លេស វ័យ ២៦ឆ្នាំខាងលើបានរងរបួសសរសៃពួរនៅអំឡុងពេល Spurs បានប្រកួតចាញ់ម្ចាស់ផ្ទះ Southampton ១-០ នៅ Premier League កាលដើមឆ្នាំ២០២០ ដែលធ្វើឲ្យរូបគេអាចនឹងវិលចូលទីលានវិញរហូតដល់ខែមេសាខាងមុខ ២ខែមុនព្រឹត្តិការណ៍ជើងឯកអឹរ៉ុប Euro 2020 ចាប់ផ្តើម។

ការបាត់បង់ខ្សែប្រយុទ្ធជួរមុខ Harry Kane និងខ្សែបម្រើ Moussa Sissoko បានធ្វើឲ្យក្រុមរបស់លោក Jose Mourinho មានបញ្ហានៅតំបន់ប្រយុទ្ធជាខ្លាំង និងកំពុងឈរនៅលេខរៀងទី៦ នៅ Premier League បណ្តោះអាសន្ន នៅក្រោយក្រុមលេខ៤ តោខៀវ Chelsea រហូតដល់ទៅ ៦ពិន្ទុ។

Kane នឹងអវត្តមានពេល Spurs ប៉ះក្រុមអាល្លឺម៉ង់ RB Leipzig វគ្គ ១៦ក្រុមចុងក្រោយនៅ UEFA Champions League ដែលចាប់ផ្តើមជើងទី១ នៅពាក់កណ្តាលខែក្រោយនេះ៕