(ភ្នំពេញ)៖ កំពូលតារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា អ្នកនាងទើបតែសម្រាលបានបុត្រាម្នាក់គួរឲ្យស្រឡាញ់ ក្នុងរយៈពេល២ខែតែប៉ុណ្ណោះ ប៉ុន្តែនាងត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោមួយ ជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផលិតផល រយៈពេល៣ឆ្នាំ ក្នុងនោះកូនប្រុសរបស់ ឱក សុគន្ធកញ្ញា គឺ អ៊ឹង បញ្ញាបុត្រ ក៏នឹងក្លាយជាអ្នកតំណាងដូចគ្នា នៅពេលរូបគេមានវ័យគ្រប់គ្រាន់​។

តារាចម្រៀងបែបយុវវ័យ ដែលបានហក់ចូលក្នុងការងារសិល្បៈរបស់ខ្លួនវិញ ហាក់ទាំងនៅសរសៃខ្ចី អ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងនៅក្នុងពិធីប្រកាសជាសាធារណៈ ស្ដីពីអ្នកតំណាងផលិតផលនេះថា ជាទូទៅការសម្រាកមាតុភាព គឺត្រូវប្រើរយៈពេល៣ខែ បន្ទាប់ពីសម្រាលហើយ ទើបអ្នកម្តាយគ្រប់រូប អាចចូលបម្រើការងារវិញបានដូចធម្មតា។ តែសម្រាប់នាង​ មានមូលហេតុចំបងធំមួយ គឺសុខភាពរបស់នាង​​អំណោយផល រឹងមាំអាចបំពេញការងារបានដូចធម្មតា ទើបនាង​សម្រេចចិត្តចូលបម្រើការងារវិញ​ មុនពេលកំណត់។

ឱក សុគន្ធកញ្ញា និយាយថា «កត្តាដែលបណ្តាលឲ្យ​ខ្ញុំ មានសុខភាពល្អ រឹងមាំអាចបំពេញការងារបានឆាប់រហ័សនេះ គឺដោយសារតែ​ខ្ញុំបានសម្រាកគ្រប់គ្រាន់ ហើយទទួលទាននូវអាហារ ដែលមានសារធាតុចិញ្ចឹមច្រើនដល់រាងកាយ ជាពិសេស គឺ​ខ្ញុំ​មានជំនួយការពិសេសរបស់​ខ្ញុំ នោះគឺ​ម្សៅទឹកដោះគោ នូទ្រីម៉ាម! ម្សៅទឹកដោះគោ នូទ្រីម៉ាម ជំនួយបានច្រើនមែនទែន គឺជួយឲ្យ​ខ្ញុំមានទឹកដោះគ្រប់គ្រាន់ សម្រាប់បំបៅកូន ព្រមទាំងជួយ​ឲ្យ​ខ្ញុំមានសុខភាពរឹងមាំ​។ សរុបមកវិញ ការដែល​ខ្ញុំសម្រេចចិត្តចូលបម្រើការងារវិញ មុនពេលកំណត់ ដោយសារតែ​ខ្ញុំមានសុខភាពរឹងមាំ​ អាចបំពេញការងារបាន ហើយណាមួយមាន Sponsor ជាច្រើនដែល​ចាប់អារម្មណ៍ ចង់ទាក់ទងនាង​ ដើម្បីធ្វើការជាមួយ​ ព្រមទាំងការងារជាច្រើនទៀតដែលត្រូវបំពេញ ព្រោះបានទទួលតាំងពីមុនពេលសម្រាលមកម្ល៉េះ»​

លើសពីនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានទទួលស្គាល់ ថា​នាងពិតជាជ្រើសរើសយកម្សៅទឹកដោះគោ នូទ្រីលេត ឲ្យកូនប្រុសរបស់​នាងប្រើប្រាស់ពិតប្រាកដមែន ក៏ប៉ុន្តែ​នាង ក៏​នៅតែបន្តបំបៅដោះកូនដោយទឹកដោះដដែល ពេលដែល​នាងទំនេរពីការងារប្រចាំថ្ងៃ និងជាពិសេស គឺនៅពេលយប់។

សូមបញ្ជាក់ថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម រយៈពេល៣ឆ្នាំ​ គឺរហូតដល់ឆ្នាំ២០២១ ហើយគេរំពឹងថា កូនប្រុសជាទីស្រឡាញ់របស់​នាង គឺអ៊ឹង បញ្ញាបុត្រ នឹងធ្វើជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ នូទ្រីលេត ជាផលិតផលម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ នៅពេលដែលគេមានវ័យគ្រប់គ្រាន់៕