(ភ្នំពេញ)៖ គ្រូបង្គោល​ ទេព​ ឡុងរចនាបានឲ្យដឹងថា​ ក្លឹបបានដំឡើងយុវជនច្រើនរូបទៅប៉ះប៉ូវទីតាំងបន្សល់ទុកដោយកីឡាករដែលផ្លាស់ទៅកាន់ទ្រនំផ្សេងទៀត។

អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ក្រសួងការពារជាតិបានទទួលស្គាល់ថា ការចេញពីសមាជិកសំខាន់ៗយ៉ាងច្រើននាពេលកន្លងមកអាចធ្វើឲ្យប៉ះពាល់ក្រុម។ តែយ៉ាងណា លោកថា ក្រុមការងារនឹងព្យាយាមរៀបចំឲ្យបានល្អមិនឲ្យមានគម្លាតក្នុងតារាងចំណាត់ថ្នាក់ពេកទេ។

អ្វីដែលសំខាន់ផងនោះ អ្នកចាត់ការទូទៅក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ៣សម័យបង្ហើបថា កត្តាហិរញ្ញវត្ថុក៏ជាផ្នែកមួយនៃការចាកចេញពីសំណាក់សមាជិកក្រុមមួយចំនួនដែរ។

សូមបញ្ជាក់ផងដែរថា កីឡាករក្នុងស្រុកដ៏លេចធ្លោ៤រូប គឺអ្នកចាំទី អ៊ុ វិចិត្រ, ខ្សែបម្រើ ច្រឹង ពលរដ្ឋ, ឈិន ឈឿន និងខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បូករួមទាំងសមាជិកបរទេសខ្លះទៀតបានទៅចូលរួមជាមួយក្រុមគូប្រជែងផ្សេងៗអំឡុងទីផ្សារដោះដូរត្រៀមរដូវកាល២០២០នេះ៕