(សេអ៊ូល)៖ ជាការកត់សម្គាល់ តារាកូរ៉េប្រុសល្បីឈ្មោះ អតីតសមាជិកក្រុម BIGBANG បានស្ងប់ស្ងាត់រយៈពេល៨ខែមកហើយ ចាប់តាំងពីដីកាចាប់ខ្លួនដំបូងរបស់លោកត្រូវបានច្រានចោល (ត្រូវបានចាត់ទុកថាគ្មានតម្លៃ) ជាហេតុធ្វើឲ្យតារាប្រុសរូបនេះរួចផុតពីការឃុំខ្លួន។ តែយ៉ាងណា បច្ចុប្បន្ននេះអយ្យការបានធ្វើការស្នើសុំដីកាចាប់ខ្លួនថ្មីផ្សេងទៀត ទៅលើ Seungri ដោយក្នុងនោះមានរឿងក្តីចំនួន ៧ករណីឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន News1 ដកស្រាយប្រភពពី Star News កាលពីថ្ងៃទី០៨ ខែមករាកន្លងទៅ បានឲ្យដឹងថា អយ្យការបានស្នើសុំដីកាចាប់ខ្លួនថ្មី ទៅលើ Seungri ជាមួយនឹងរឿងក្តីសរុបចំនួន ៧ករណី។ ក្នុងនោះរួមមានទាំង៥ករណីដូចគ្នាទៅនឹងដីកាចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដែលរួមមាន ពីបទ​ចោទ​ករណី​ពេស្យាចារ,​ លួច​ផ្ដល់នូវ​សេវាផ្លូវភេទ,​ ល្មើសច្បាប់​សុខភាពចំណីអាហារ, បំពាន​ច្បាប់​ប្រតិបត្តិការ​អាជីវកម្ម​ និង​គេចពន្ធ​ជាដើម។ ខណៈរឿងក្តី ២ករណីទៀតបន្ថែមទៀត គឺអំពើ​ដោះ​ដូរ​រូបិយវត្ថុបរទេស​ខុសច្បាប់ និងការលេងល្បែកស៊ីសងខុសច្បាប់។

យ៉ាងណាមិញ បើតាមការរំពឹង តុលាការនឹងចាប់ផ្តើមវាយតម្លៃលើរឿងក្តីរបស់ Seungri នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕