(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក សុខ មេសា ហៅនាយ ចឺម បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន នាយប់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០នេះ ដែលត្រូវបានគេដឹងថា មានតម្លៃប្រម៉ានជាង១០ម៉ឺនដុល្លារ ធ្វើជូនអ្នកមានគុណរបស់ខ្លួន ដោយគេសង្កេតឃើញ​មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សិល្បករ សិល្បការនីល្បីៗជាច្រើន​ កាន់តែធ្វើឲ្យកម្មវិធីរបស់តារាចម្រៀងរូបនេះ មានភាពអធិកអធមឡើង ផ្អើលអស់អ្នករស់នៅក្នុងខេត្តកំពង់ស្ពឺលាន់ម៉ាត់សរសើរគ្រប់ៗគ្នា។

ជាក់ស្ដែង ក្នុងកម្មវិធីឡើងគេហដ្ឋានថ្មី របស់តារាចម្រៀងយុវវ័យ នាយចឺម គេឃើញមានតារាល្បីៗជាច្រើនចូលរួម ក្នុងនោះមានដូចជា តារាចម្រៀង វីរៈ និច្ច, កញ្ញា បាន មុន្នីលក្ខណ៍, លោក ឆឹម សក្កដា, កញ្ញា សុវណ្ណ រ៉ាផា, នាយក្ដី, លោក ជុំ លីណូ, អ៊ុក ណារីម, តារាចម្រៀង​ ​វង្ស ថាណាន់ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។ ដោយឡែកអ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ នាយចឺម ដែលជាម្ចាស់កម្មវិធី បានតុបតែងខ្លួនយ៉ាងស្រស់សង្ហារ បណ្ដើរស្រីស្រស់ដែលជាគូស្នេហ៍ គឺ អូនហ្វា មើលទៅពិតជាស័ក្តិសមគ្នាតែម្ដង។

ដោយឡែក តាមរយៈការបើកបង្ហាញ ក៏ដូចជាធ្វើពិធីឡើងគេហដ្ឋាន ដែលជាវីឡាធំស្កឹមស្កៃនេះ នាយ ចឺម ទទួលបានការកោតសរសើរយ៉ាងខ្លាំង​ ពីសំណាក់មហាជន ថ្វីត្បិតតែឈាន ជើងចូលសិល្បៈត្រឹមពេលខ្លី និងមានវ័យក្មេងក៏ពិតមែន ប៉ុន្តែលោកអាចរកចំណូលបានយ៉ាងច្រើន សន្ធឹកសន្ធាប់រហូតសាងសង់ផ្ទះ វីឡាធំថ្មីជូនអ្នកមានគុណ និងទើបតែរៀបចំធ្វើពិធីឡើងផ្ទះ យ៉ាងធំ​ដែលមានតម្លៃរហូតដល់ជាង១០ម៉ឺនដុល្លារឯណោះ។

គួរបញ្ជាក់ថា វីឡាធំថ្មីដ៏ប្រណីត ត្រូវបានតារាចម្រៀង និងកំប្លែងវ័យក្មេង លោក សុខ មេសា ហៅនាយ ចឺម សាងសង់ឡើងសម្រាប់តបស្នង​សងគុណជូនលោកឪពុកអ្នកម្ដាយ ដែលមានទីតាំងនៅក្នុងភូមិត្រាចកុះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាទីកំណើតរបស់លោក។ បន្ទាប់ពីលេចចេញជារូបរាងជាស្ថាពរ លោកក៏បានជ្រើសយក ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ ធ្វើពិធីសូត្រមន្ត និង​ជប់លៀង ឡើងគេហ​ដ្ឋានថ្មី ដើម្បីប្រគល់ជូនឪពុកម្ដាយរបស់លោក​ ក្នុង​ថ្ងៃតែ១ផ្ទាល់តែម្ដង៕