(បរទេស)៖ លោក Leonardo DiCaprio ដែលត្រូវបានគេដឹងថា ជាតារាភាពយន្តល្បីឈ្មោះក្នុងរឿង «កាប៉ាល់ទីតានិច» ហើយក៏ជាអ្នកការពារបរិស្ថានមួយរូបផងនោះ បានបរិច្ចាកទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដល់ក្រុមការងារពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលី។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Dailymail នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ អង្គាការបរិស្ថាន «Earth Alliance» របស់តារាសម្តែងអាមេរិក Leonardo Decaprio បានប្រកាសពីការបរិច្ចាកទឹកប្រាក់ ៣លានដុល្លារ ដល់មូលនិធិភ្លើងឆេះព្រៃនៅអូស្ត្រាលី។ ថវិកាដែលបរិច្ចាគ នឹងត្រូវប្រគល់ជូនអង្គការដៃគូក្នុងតំបន់របស់អូស្រ្តាលី ហើយទឹកប្រាក់ទាំងនេះជាចំណែកមួយជួយដល់ក្រុមពន្លត់ភ្លើងឆេះព្រៃ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ អស់រយៈពេលដ៏យូរមកហើយនោះ។

គួរជម្រាប់ថានៅក្នុងរដ្ឋ New South Wales ប្រទេសអូស្រ្តាលី ភ្លើងឆេះព្រៃប្រមាណ ១៣៩ទីតាំងកំពុងកើតឡើង ហើយក្នុងនោះ ៦៦ មិនទាន់អាចគ្រប់គ្រងបាន ខណៈក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ នៅតែបន្តប្រតិបត្តិការពន្លត់នៅឡើយ ទាំងយប់ទាំងថ្ងៃតែម្តង៕