(ភ្នំពេញ)៖ អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក អាំយ៉ា បច្ចុប្បន្នយុវវតីដែលទើបតែមានវ័យ១៦ឆ្នាំរូបនេះ គឺជាតារាចម្រៀងវ័យក្មេងស្ថិតក្នុង Team Original Song របស់តារាចម្រៀង លោក អុីណូ និងកំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ តាមរយៈការចេញចម្រៀងរួមគ្នាជាមួយនឹង នាយ តាក់ស៊ី ដែលត្រូវបានគេស្គាល់ថា ជាតារាកំប្លែងដែលមានប្រជាប្រិយភាព។ យ៉ាងណាមិញ តាមរយៈការចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ពីទូរទស្សន៍Fresh News យុវតី អាំយ៉ា ទោះបីជានាងមានវ័យក្មេង មានអាយុទើប១៦ឆ្នាំ តែនាងបានបង្ហាញពីមហិច្ចតា និងជំហរខ្ពស់ក្នុងការបោះជំហ៊ាន ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ទោះបីជាកន្លងមកធ្លាប់មានមិតមួយចំនួន លើកឡើងថា «អ្នកសិល្បៈគឺមិនល្អនោះទេ»។

ថ្លែងតាមរយៈការសាកសួរពី ពិធីករ ពិធីការក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News យុវវតីមានទឹកដមសំឡេងពីរោះ មុខមាត់គួរឲ្យស្រឡាញ់ អាំយ៉ា ទោះបីជានាងមានវ័យនៅក្មេង ទើបប្រឡូកចូលក្នុងសិល្បៈបានរយៈពេលតិចស្តួចស្ដើង មិនទាន់ស្គាល់ច្បាស់ និងស៊ីជម្រៅក្នុងវិថីសិល្បៈ បានខ្លាំងក៏ពិតមែន ប៉ុន្តែយុវវតីរូបនេះ ហាក់បង្ហាញពីមហិច្ចតា និងជំហរយ៉ាងមុតមាំខ្លាំង ក្នុងការឈានជើងដើរចូលក្នុងវិថីសិល្បៈ ដោយមិនខ្លាចញញើតនឹងមតិដែលគេតែងតែនិយាយថា អ្នកសិល្បៈគឺមិនល្អនោះទេ។

ក្នុងន័យនេះផងដែរ គឺសំដៅដល់ ធម្មតាអ្នកសិល្បៈ មិនថាប្រុសមិនថាស្រីនោះទេ តែងតែជាមនុស្សរបស់មហាជន មិនថាអ្នកមានឋានៈខ្ពស់ឬទាបនោះទេ តែងចាប់អារម្មណ៍ និងចង់បាន ដោយឡែកសំដៅដល់ អាំយ៉ា វិញ ត្បិតតែវ័យនៅក្មេង តែនាងពិតជាមានរូបសម្រស់ស្អាត ដូច្នេះនៅថ្ងៃអនាគត នាងអាចនឹងមានមនុស្សជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត ម្យ៉ាងវិញទៀត ធ្វើជាតារា ត្រូវចេញធ្វើការយប់ព្រលប់ ជៀសមិនផុតនោះទេ ពីការនិយាយមិនល្អអ្វីផ្សេងៗ តែ អាំយ៉ា គឺទាន់ខ្វល់ខ្វាយពីពាក្យទាំងអស់នោះទេ គឺនាងផ្ដោតសំខាន់ធ្វើយ៉ាងណា ឲ្យមានប្រជាប្រិយភាពក្នុងសិល្បៈជាមុនសិន មួយវិញទៀត នាងបានលើកឡើងនូវពាក្យមួយម៉ាត់ថា អ្នកសិល្បៈមិនមែនអាក្រក់ទាំងអស់នោះទេ ។

ងាកមកការងារសិល្បៈវិញ បច្ចុប្បន្ន អាំយ៉ា គឺជាតារាចម្រៀងវ័យក្មេងក្នុង Team Original Song របស់លោក អុីណូ បានរយៈពេល៤ខែមកហើយ ហើយក៏បានចេញនូវបទចម្រៀងចំនួន ៣បទព្រមគ្នា ដែលបទទី១គឺបទ «សុំកាន់មុនការ» ច្រៀងជាមួយនឹងនាយ តាក់ស៊ី បទ «ម៉ាក់ៗកូនខ្លាចកណ្ដុរ» និងបទ «មនុស្សខ្ញុំស្រលាញ់ងាយឲ្យគេទាក់ម្ល៉េះ»។ តាមរយៈបទចម្រៀង៣បទនេះផងដែរ អាំយ៉ា សង្ឃឹមថានឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យក្មេង អាំយ៉ា មានស្រុកកំណើត នៅខេត្តកំពង់ចាម។ នាងមានបងប្អូន៨នាក់ ស្រី៦ប្រុស២ អាំយ៉ា ជាកូនទី៨ក្នុងគ្រួសារ ក្នុងចំណោមបងប្អូនទាំងអស់ មានតែ អាំយ៉ា ម្នាក់គត់ដែលមានឈាមជ័រជាអ្នកសិល្បៈ។ ក្រៅពីមមាញឹកក្នុងសិល្បៈ យុវវតីរូបនេះ បច្ចុប្បន្នកំពុងបន្តការសិក្សា និងនៅថ្ងៃអនាគត នាងចង់មានមុខជំនាញ ក៏ដូចជារបរមួយជាប់ខ្លួននោះគឺ ជាគ្រូពេទ្យ ផងដែរ៕