(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Decathlon Sports Festival លើកទី៣ ឆ្នាំ២០២០ បានទទួលការចាប់អារម្មណ៍ពីមហាជនកាន់តែច្រើន បន្ទាប់ពីមានការរៀបចំទ្រង់ទ្រាយធំ ដោយមានកីឡាចំនួន ២១ប្រភេទ បានសម្ដែង និងប្រកួតរយៈពេលមួយល្ងាចពេញនៅផ្សារទំនើបអ៊ីអន-សែនសុខនៅថ្ងៃអាទិត្យ ទី១២ ខែមករា។

លោក ចេប៊ី អ្នកគ្រប់គ្រង Decathlon Cambodia បានបញ្ជាក់ថា កម្មវិធីប្រចាំឆ្នាំដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងពង្រីក និងផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យកីឡាជាតិដល់សាធារណជន ដើម្បីស្វែងយល់ពីកីឡា និងចូលរួមលេងកីឡាឲ្យបានច្រើន តាមរយៈការសម្ដែងនូវកីឡាជាច្រើន មានទាំងបាល់ទាត់ ជិះសេះ Tennis ប្រដាល់ ការ៉ាតេ និងគុនល្បុក្កតោ ដែលជាកីឡាអត្តសញ្ញាណជាតិជាដើម។

ជាមួយការរៀបចំកម្មវិធីសម្ដែង និងប្រកួតកីឡាចម្រុះទាំងកីឡាបុរាណ និងកីឡាទំនើបនេះ គេឃើញមានមហាជនជាច្រើនបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើល រហូតទាក់ចិត្តអ្នកទស្សនាខ្លះចូលរួមសម្ដែងជាមួយក្រុមគ្រូ និងកីឡាករឆ្នើមៗរបស់កម្ពុជាទៀតផង។

អ្នកគ្រប់គ្រងខាងលើបានបន្ដថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រៅពីចង់ផ្សព្វផ្សាយនូវផលិតផលកីឡារបស់ក្រុមហ៊ុនបារាំងមួយនេះ Decathlon ក៏មានបំណងចង់រួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋកម្ពជានឹងចូលរួមលេងកីឡាកាន់តែច្រើនថែមទៀត ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ត្រៀមចូលរួមប្រកួតអន្ដរជាតិនានា៕