(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀងប្រុសលោក អេនឌី ដែលតែងតែថតរូបភាពសិចស៊ីជាមួយតារាស្រីជាច្រើននោះ ពេលនេះបានត្រឡប់មកវិញហើយ ក្រោយពីស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈរយៈពេលយូរ។ ការវិលមកវិញរបស់តារាប្រុសរូបនេះ គឺតាមរយៈការថតត្រៀមដាក់ក្នុង MV ចម្រៀង ជាមួយដៃគូចាស់ កញ្ញា ពេជ្រ អាវីហ្សា សម្រាប់រដូវកាលបុណ្យចូលឆ្នាំចិនខាងមុខ។

ដូចទម្លាប់តារាប្រុសលោក អេនឌី រមែងកៀកកើយជាមួយតារាស្រីសាច់សខ្ចីដូចបណ្តូរចិត្ត ពេជ្រ អាវីហ្សា។ ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិន អែនឌី និង ពេជ្រ អាវីហ្សា បង្អួតសម្រស់យ៉ាងទាក់ទាញ ក្នុងស្ទិល​ឱប​គ្នាយ៉ាងស្និតស្នាល បង្ហាញទឹកមុខសិចស៊ីដូចសព្វមួួយដង។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការបង្ហាញខ្លួនរបស់លោក អេនឌី ជាមួយ ពេជ្រ អាវីហ្សា លើកនេះ​គឺដើម្បីថត MV ចម្រៀង Cover «ស្នេហ៍​ផ្អែម​ដូច​ទឹក​ឃ្មុំ», «ផ្កា​រោយ​មុន​រដូវ», «ស្រលាញ់​អូន​មិន​ស្តាយ​ក្រោយ» និង​បទ «ស្នេហ៍​ក្នុង​សុបិន្ត» សម្រាប់ស្វាគមន៍អ្នកគាំទ្រ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ចម្រៀង​ទាំង​៤​បទ​ខាងលើក គឺជាសំនៀងដើមរបស់​លោក នូ ស៊ឹប, នី សាលឿន និង​បទ​របស់​អ្នក​នាង ម៉េង កែវ​ពេជ្ជតា៕