(សេអ៊ូល)៖ Chen គឺជាតារាចម្រៀង K-POP ដ៏ល្បីឈ្មោះមួយរូប ក្នុងក្រុមតារាចម្រៀងប្រុស EXO ថ្មីៗនេះភ្នាក់ងាររបស់តារាប្រុសរូបនេះ SM Entertainment ព្រមទាំងលោកផ្ទាល់បានប្រកាសពីការរៀបការរបស់លោក ជាមួយនឹងនារីម្នាក់ដែលមិនមែនជាអ្នកសិល្បៈ ហើយបច្ចុប្បន្នកំពុងពពោះកូនក្នុងផ្ទៃផងដែរ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

តាមរយៈសេចក្តីជូនដំណឹងរបស់ផលិតកម្ម SM បានឲ្យដឹងថា តារាប្រុស Chen សមាជិកក្រុម EXO នឹងរៀបការក្នុងពេលខាងមុខ ជាមួយនារីម្នាក់ដែលមិនមែនជាអ្នកសិល្បៈ។ បន្ថែមពីនេះ ពិធីមង្គលការរបស់លោកនឹងរៀបចំឡើងជាលក្ខណៈឯកជន ពោលមានតែក្រុមគ្រួសារទាំងសងខាងចូលរួមប៉ុណ្ណោះ។

ដោយយោងតាមការស្នើរសុំរបស់គ្រួសារ Chen ទាំងពិធីមង្គលការ និងអ្វីៗគ្រប់យ៉ាងទាក់ទងនឹងពិធីរបស់លោក នឹងត្រូវធ្វើឯកជនទាំងអស់។ ដូច្នេះសង្ឃឹមថា បន្តអ្នកគាំទ្រ នឹងទទួលបានដំណឹងនេះ។

ប្រភពព័ត៌មានដដែលបានបន្ថែមថា ពិតណាស់គូដណ្តឹងរបស់ Chen គឺកំពុងមានផ្ទៃពោះមែន ប៉ុន្តែមិនបង្ហាញថាកូនក្នុងផ្ទៃមានរយៈពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែឡើយ៕