(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំវៀតណាម បានហាលអាវពីពានរង្វាន់ជើងឯកអាស៊ី AFC U23 Championship 2020 ត្រឹមវគ្គចែកពូលដែលមានថៃធ្វើម្ចាស់ផ្ទះ បន្ទាប់ពីចាញ់ក្រោមថ្វីជើងរបស់ក្រុម U23 កូរ៉េខាងជើង ២-១ ក្នុងប្រកួតបិទបញ្ចប់ពូល D នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

ក្នុងជំនួបដ៏ស្វិតស្វាញទល់នឹងក្រុមបាតតារាងកូរ៉េខាងជើងនាយប់មិញនេះ វៀតណាមត្រូវការឈ្នះដាច់ខាត ដើម្បីបាន ៣ពិន្ទុមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ គ្រាដែល ១ប្រកួតផ្សេងទៀតក្នុងពូល D ដូចគ្នារវាងក្រុម U23 អារ៉ាប់រួម និងហ្ស៊កដានី បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ នោះ។

តែជាអកុសល U23 វៀតណាម ដែលមានគ្រូបង្វឹកជាជនជាតិកូរ៉េខាងត្បូងនោះ បានភ្លាត់ស្នៀតចុងក្រោយបង្កឲ្យមានកំហុសនៅនាទីចុងម៉ោង ធ្វើឲ្យកូរ៉េខាងជើងស៊ុតគ្រាប់ជ័យជម្នះដោយបាល់ប៉េណាល់ទី ២-១ ដើម្បីត្រឡប់ទៅផ្ទះវិញទាំងអស់គ្នា ទុកអារ៉ាប់រួម និងហ្ស៊កឡើងទៅជុំបន្ទាប់។

វៀតណាម លេង ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល D មិនដែលឈ្នះ ក្រៅពីស្មើ ២ដង (ស្មើ ០-០ ទល់នឹងអារ៉ាប់រួម និងស្មើ ០-០ ទល់នឹងហ្ស៊កដានី) មុនមកចាញ់កូរ៉េខាងជើង ២-១ រកបានត្រឹម ២ពិន្ទុឈរនៅបាតារាង ក្នុងនាមជាក្រុមរងជើងឯកកាលពី ២ឆ្នាំមុននៅប្រទេសចិន ក្រោយចាញ់ U23 អ៊ូបេគីស្ថាន ១-០ ក្នុងនាទីបន្ថែម នាឆ្នាំ២០១៨៕