(មែនឆេស្ទើ)៖ កីឡាករខ្សែការពារឆ្នើម Harry Maguire ត្រូវបានក្លឹបយក្សរបស់ចក្រភពអង់គ្លេស Manchester United តែងតាំងជាប្រធានក្រុមជាផ្លូវការក្រោមការដឹកដោយលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅ ដែលតំណែងនេះពីមុនកាន់កាប់ដោយអតីតកីឡាករ Ashley Young ដែលទើបតែបានផ្ទេរទៅក្រុម Inter Milan របស់អីតាលី។
តាមការចេញផ្សាយដោយ BBC នៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២០ កីឡាករខ្សែការពារដែលនាំមកពីក្លឹប Leicester City ក្នុងតម្លៃប្រមាណ ៨០លានផោន Maguire មកកាន់ក្រុមបិសាចក្រហម Manchester United ដែលទើបតែបានជាង ៥ខែនោះ នៅពេលបានក្លាយជាប្រធានក្រុមថ្មីរបស់ក្លឹប ក្រោយពេលការចាកចេញរបស់ខ្សែការពារឆ្នើម Ashley Young ខណៈកីឡាករមួយចំនួនដូចជា Rashford, David de Gea, និង Jesse Lingard ក៏ធា្លប់ទទួលតំណែងជាប្រធានក្រុមម្តងម្កាលផងដែរនៅពេលគ្មាន Ashley Young ដែលបង្ហាញខ្លួនបាន ១៨ប្រកួតក្នុងរដូវកាលនេះមុនចេញទៅ Inter Milan។
សម្រាប់បុរសវ័យ ២៦ឆ្នាំ Maguire ក្នុងអំឡុងរយៈពេល ៥ខែនេះរូបគេបង្ហាញខ្លួនបាន ២៩ប្រកួតចាប់តាំងពីខែសីហា ឆ្នាំ២០១៩មកទល់ពេលនេះ ខណៈរូបគេនឹងពាក់ខ្សែដៃប្រធានក្រុមរបស់ក្លឹប Man Utd ជាលើកដំបូងក្នុងជំនួបសប្តាហ៍ទី២៣ដែលត្រូវប្រជែង ៣ពិន្ទុជាមួយក្រុម Liverpool ដែលជាក្រុមកំពូលតារាង Premier League នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្អែកនេះ៕