(ឧត្តរមានជ័យ)៖ ព្រឹត្តិការណ៍ថ្មើរជើងប្រវត្ដិសាស្ដ្រ លើកទី២ នៅអន្លង់វែង ខេត្តឧត្តរមានជ័យបានផ្លាស់ប្ដូរកាលបរិច្ឆេទរៀបចំថ្មីហើយ ដោយលើកទៅរៀបចំពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភ: ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំការប្រកួតកីឡាជាច្រើន ហើយភាគីថៃបានអះអាង ខ្លួនបានត្រៀមជាស្រេច ដើម្បីចូលរួមប្រកួតមិត្តភាព និងអបអរសាទរព្រឹត្តិការណ៍លើតំបន់ប្រវត្តិសាស្ដ្រកម្ពុជានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេសមុនការប្រកួត នៅសាលាស្រុកអន្លង់វែងនាព្រឹកថ្ងៃទី២០ ខែមករានេះថា ការរៀបចំឆ្នាំនេះ ក្រៅពីកិច្ចសហការរបស់អាជ្ញាធរខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង ក៏មានការចូលរួមរៀបចំពីអាជ្ញាធរខេត្តស៊ីសាកេត និងបណ្ដាស្រុកជាប់ព្រំដែនមួយចំនួននៃប្រទេសថៃ ក្នុងស្មារតីរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងនាមប្រទេសជាមិត្តជិតខាងគ្នា។

លោកបន្ដថា ចំពោះប្រភេទកីឡាត្រៀមរៀបចំក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្ដិសាស្ដ្រ លើកទី២ រួមមានកីឡារត់ប្រណាំង ជិះកង់ ចំបាប់បុរាណ ល្បុក្កតោ ប្រដាល់គុនខ្មែរ និងប្រណាំងខ្នាតតូច ដោយមានអ្នកចូលរួមយ៉ាងតិច ១,៥០០នាក់ ក្នុងនោះក៏មានភាគីថៃប្រមាណ ៧៥០នាក់ដែរ។ លើសពីនេះ ក៏មានការរៀបចំការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ មានភាពអធិកអធមទៀតផង។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលថា «គោលបំណងក្នុងការរៀបចំកម្មវិធីនេះមានច្រើន តែអ្វីដែលសំខាន់ គឺបំណងក្នុងន័យរក្សាមិត្តភាព សាមគ្គីភាព ក្នុងនាមប្រទេសជិតខាង និងខេត្តជាប់គ្នា ឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងល្អ។ ហើយក៏ដើម្បីទាញទាក់ទេសចរណ៍ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ និងបង្ហាញពីសន្តិភាព ឲ្យទេសចរណ៍បានចូលទស្សនាតំបន់អន្លង់វែង ដែលកំពុងតែមានការអភិវឌ្ឍនេះដែរ»

ទន្ទឹមជាមួយគ្នា តំណាងខេត្តស៊ីសាកេត បានបញ្ជាក់ថា ភាគីថៃបានត្រៀមខ្លួន និងរីករាយ ក្នុងការសហការជាមួយអាជ្ញាធរកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើ ពិសេសការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការចូលរួមរត់កម្សាន្ដ ប្រណាំងកង់ ក៏ដូចជាការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិជាដើម។ លោកសង្ឃឹមថា ការរៀបចំឆ្នាំនេះ នឹងមានលក្ខណៈល្អប្រសើរ ប្រកបដោយភាពសប្បាយរីករាយថែមទៀត។

គួរដឹងថា ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ គឺដើម្បីអបអរខួប ២១ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨ ពិសេសដើម្បីតម្រង់ការចាប់អារម្មណ៍ទៅលើសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន៕