(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ KW Cambodia Cup រដូវកាលទី៩ ឆ្នាំ២០២០ នឹងចាប់ផ្ដើមការប្រកួតនាខែកុម្ភៈខាងមុខ។ ប៉ុន្ដែកាន់តែពិសេសជាងមុន លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកពានបានប្រកាសដំឡើងប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកឆ្នាំនេះ នឹងទទួលបាន ១ម៉ឺនដុល្លារឯណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបើកការប្រកួតរដូវកាលថ្មីនៅថ្ងៃពុធនេះ លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia បានថ្លែងថា លោករំពឹងការប្រកួតឆ្នាំនេះនឹងកាន់តែជក់ចិត្ត ដ្បិតប្រាក់រង្វាន់ឆ្នាំនេះ ត្រូវបានដំឡើងច្រើន ហើយក្រុមចូលរួមក៏មានសមត្ថភាពកាន់តែខ្ពស់ដែរ ពិសេសលោកបានបើកភ្លើងខៀវ សម្រាប់ក្រុមយុវជនតាមបណ្ដាក្លឹបអាជីពទាំងអស់ទៀតផង។

លោកនិយាយថា «ពានយើងជាពានពាក់កណ្ដាលអាជីព ចឹងលក្ខខណ្ឌមិនតឹងរ៉ឹងពេកទេ ព្រោះបើលក្ខខណ្ឌតឹងរ៉ឹងពេក ធ្វើឲ្យការប្រកួតប្រជែងមានកម្រិត ចឹងដូចឆ្នាំមុនអញ្ជឹង ទី១-បរទេសយើងបើកជំហរ ១០០% មានន័យថា ១ក្រុមមានបរទេសសុទ្ធក៏អាចលេងបាន ទី២-បើសិនជាក្រុមថ្នាលរបស់ក្លឹបសំខាន់ៗមានន័យថា U-18, U-20 ឬ U-22 របស់ក្លឹបអាជីពដែលចង់ចូលរួម គឺយើងនឹងទទួល មកលេងមួយក្រុមក៏បានដែរ»

ប៉ុន្ដែសម្រាប់កីឡាករអាជីព ដែលលេងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ និងឆ្នាំ២០២០ គឺមួយក្រុមអនុញ្ញាតឲ្យប្រើតែ ២នាក់ប៉ុណ្ណោះ។ លោកបានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត ក្នុងការរៀបចំពានរង្វាន់ពាក់កណ្ដាលអាជីពវ័យចាស់ជាងគេនៅកម្ពុជា ដែលបានរួមចំណែកកសាង និងផ្ដល់ឱកាសឲ្យយុវជន ពិសេសកីឡាករមានក្ដីស្រម៉ៃចង់ក្លាយជាកីឡាករអាជីព បានចូលរួមបង្ហាញសមត្ថភាព និងសម្រេចបំណងរបស់ខ្លួន។

លោកបន្ដថា «អ្វីដែលយើងបានកសាង ៩ឆ្នាំមកនេះ មានកីឡាករមួយចំនួន ដែលបានលេងក្នុងពានយើង ឥឡូវគាត់បានលេងឲ្យជម្រើសជាតិ ដូចជា U-19 U-22 ឬឈុតធំជាដើម ហើយខ្លះទៀត បានលេងឲ្យក្លឹបអាជីព ដូចជាបឹងកេត ណាហ្គាវើលដ៍ និងវិសាខាជាដើម។ ចឹងទាំងនេះហើយ គឺជាអ្វីដែលយើងសប្បាយចិត្ត ដែលពានយើងបានក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជារីកចម្រើន»

គួរបញ្ជាក់ថា ពានរង្វាន់ KW Cambodia Cup ឆ្នាំ២០២០ គ្រោងបើកការប្រកួតរដូវកាលថ្មីនាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ។ ចំពោះប្រាក់រង្វាន់ជយលាភី រួមមានក្រុមជើងឯក នឹងទទួលបាន ៤០លានរៀល ឯលេខ២ ទទួលបាន ២០លានរៀល, លេខ៣ បាន ១០លានរៀល, លេខ៤ បាន ៥លានរៀល រួមទាំងប្រាក់រង្វាន់លើកទឹកចិត្តក្រុម Fair-Play, អ្នកចាំទីល្អ និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទៀតផង៕