(ភ្នំពេញ)៖ តារាសម្តែងស្រីសិចស៊ី ដែលទស្សនិកជនដែលតែងឃើញតាមរយៈការសម្តែង MV ក្នុងឈុតរោលរាល កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ថ្មីៗនេះបានប្រកាសចែកម៉ាស់១ពាន់សន្លឹក ដល់បងប្អូនកម្មករ និងពលរដ្ឋមួយចំនួន ដើម្បីការពារការចម្លងវីរុសរលាកសួត កូរ៉ូណា ប្រភេទថ្មី។

កញ្ញា រ៉ូស បានឲ្យដឹងថាតាមរយៈបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំនឹងទិញម៉ាស់ ១ពាន់សន្លឹក ដើម្បីចែកជូនបងប្អូនកម្មករ និងពលរដ្ឋមួយចំនួននៅថ្ងៃស្អែក គឺក្នុងគោល បំណងចូលរួមទប់ស្កាត់ការឆ្លងជំងឺ ប្រភេទថ្មី Corona ដល់ពលរដ្ឋខ្មែររបស់យើង។ សូមអ្នកលក់ម៉ាស់សុំយោគយល់ខ្ញុំផង គឺកុំលក់ថ្លៃអី។ កុំថាខ្ញុំយកមុខអីណា ព្រោះបងប្អូនកម្មករខ្លះគាត់ខ្វះនូវថវិកានិងធ្វេសប្រហែសក្នុងការការពារជំងឺនេះ..។ ខ្ញុំធ្វើនេះចេញពីរចិត្តខ្មែរស្រលាញ់ខ្មែរ»។

យ៉ាងណាមិញ ការប្រកាសរបស់កញ្ញា រ៉ូស បែបនេះបានធ្វើឲ្យមិត្តក្នុងបណ្តាញសង្គម ព្រមទាំងទស្សនិកជនសរសើរតារាស្រីរូបនេះគ្រប់គ្នា ពីទឹកចិត្តដ៏ប្រពៃក្នុងការជួយគ្នាទៅវិញទៅមក ក្នុងនាមពលរដ្ឋខ្មែរតែម្តង។ ទន្ទឹមគ្នានេះ ក៏មានអ្នកស្គាល់កញ្ញា រ៉ូស មួយចំនួន បានចូលរួមជួយជាម៉ាស់ដល់កញ្ញាផងដែរ ដើម្បីបង្ហាញពីការគាំទ្រសកម្មភាពរបស់នាង ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងវីរុសរលាកសួតកូរ៉ូណាប្រភេទថ្មីផងដែរ។

ដោយឡែកកាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលក៏បានចេញសេចក្តីអំពាវនាវ ពាក់ព័ន្ធការតម្លើងថ្លៃម៉ាស់។ ដោយសេចក្តីអំពាវនាវនោះ មានខ្លឹមសារថា ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត៕