(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងមានប្រជាប្រិយ ភាពយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងទស្សនិកជនក្នុង និងក្រៅស្រុកទៀតផង។ បន្ទាប់ពីមានទីផ្សារក្រៅប្រទេសបន្តបន្ទាប់ហើយនោះ ថ្មីៗនេះ ស៊ីន យូប៊ិន ត្រូវបានភាគីខាងប្រទេសថៃ ផ្តល់ពានតារាស្រីឆ្នើមនៅតំបន់អាស៊ី ដែលនេះជាកិត្តិយសសម្រាប់នាងមួយទៀតហើយ បន្ទាប់ពីជោគជ័យកន្លងមក។

កញ្ញា ស៊ីន យូប៊ិន បានថ្លែងប្រាប់ក្រុមការងារ Fresh News និង Khmer Talking ថា ការទទួលបានពាននៅពេលនេះ គឺក្រោយពេលដែលខ្សែភាពយន្ត ដែលនាងបានចូលរួមសម្តែងនៅប្រទេសថៃមានចំណងជើងថា «The Protector» ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ជាពិសេស រឿងនេះត្រូវបានយកទៅបញ្ចាំទៅតាមបណ្តាប្រទេសជាច្រើនរួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងហ្វីលីពីនជាដើម។

ងាកមកអត្ថន័យនៃពានដែលនាងទទួលបានពេលនេះ គឺដោយសារតែស៊ីន យូប៊ិន គឺជាតារាស្រីកម្ពុជាតែម្នាក់គត់ ដែលមានសាងស្នាដៃល្អ និងលេខធ្លោរនៅតំបន់អាស៊ី ក្នុងសម័យឌីជីថលនេះ។ ដូច្នេះភាគីប្រទេសថៃមិនរុញរាឡើយក្នុងការប្រគល់ពានតារាឆ្នើមដល់នាង។

ជាការកត់សម្គាល់ កញ្ញា ស៊ីន យូប៊ិន ត្រូវបានមហាជនសង្កេតឃើញថា នាងមានភាពលេចធ្លោរខ្លាំង ក្នុងវិស័យសិល្បៈទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យនាងជោគជ័យបន្តបន្ទាប់ជាមួយនឹងការងារសិល្បៈ៕