(ភ្នំពេញ)៖ លោក ហ៊ុយ យ៉ាឡេង ​ជាផលិតករដឹកនាំសម្ដែងភាពយន្តខ្នាតធំរឿង ​«ដើម្បីកូន» បានថ្លែងជាសាធារណៈថា លោក​​ចង់​បណ្ដុះ​ក្ដី​ស្រឡាញ់​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​បង្កើនភាព​ជិត​ស្និទ្ធ​ ក្នុង​គ្រួសារ​ឲ្យ​បាន​កាន់​តែ​ច្រើន ទើប​លោក​មាន​ក្ដី​រំពឹង​យុវវ័យ​ទាំង​អស់ ​អាច​ជូន​អំណោយ​ទៅ​អ្នក​មាន​គុណ ដោយ​ការ​ជូន​ពួក​គាត់​មក​ទស្សនា​រឿង​ ព្រោះ​លោក​ជឿ​ថា អ៊ុ ពូ មា មីង ក៏​ប្រាថ្នា​ពេល​វេលា​បែប​នេះ​ដែរ ប៉ុន្តែ​រឿង​ដែល​ពិបាក គឺ​ខ្វះ​ភាពយន្ត​ដែល​ពួក​គាត់​អាចទស្សនា​បាន។

ការថ្លែងបែបនេះរបស់លោក គឺក្នុងឱកាសបើកសម្ពោធដាក់​បញ្ចាំង​ជា​ផ្លូវ​ការ នូវ​ខ្សែភាពយន្តរឿង «ដើម្បីកូន» របស់​ផលិតកម្ម​កថាជ័យ ​​កាល​ពី​ល្ងាច​ថ្ងៃ​​ទី​២៧ ខែ​មករា ម្សិលមិញ​នេះ​នៅ​រោងភាពយន្ត Major Cineplex By Smart ផ្សារ​ទំនើប​អ៊ីអន១ ក្រោម​វត្តមាន​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មក​ចូល​រួម​យ៉ាង​ភ្លូកទឹក​ភ្លូកដី។

លោក ហ៊ុយ យ៉ាឡេង ​បាន​បន្តឲ្យ​ដឹង​ថា សាច់​រឿង គឺ​លោក​ដក​ស្រង់​ពី​ជីវិត​ពិត​របស់​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់ យក​មក​ធ្វើ​ចេញ​ជា​ភាពយន្ត។ លោក​ចង់​ឲ្យ​យុវវ័យ បាន​យល់​កាន់​តែ​ច្បាស់ ​ពី​ពលិកម្ម​របស់​បុគ្គល​ជា​អាណាព្យាបាល​ម្នាក់​ៗ តស៊ូ លះបង់​ខ្លាំង​ប៉ុណ្ណា ទើប​អាច​បីបាច់​កូន​ៗ​រហូត​ដល់​ពេញ​វ័យ អាច​រក​អនាគត​បាន។​

រឿង «ដើម្បីកូន» នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើបៗ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា​ មុន​ថ្ងៃ​សម្ពោធ​ដាក់​បញ្ចាំង​រឿង «ដើម្បីកូន» ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម​ខាង​លើ ​បាន​ប្រកាស​លក់​ស៊ីក្លូ​មាន​អាយុកាល​៨០​ឆ្នាំ ក្នុង​តម្លៃ​១លាន​ដុល្លារ​ ដើម្បី​យក​ថវិកា​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។ កន្លង​ទៅ​លោក ទើប​នឹង​បរិច្ចាគ​ថវិកា​១០០០ដុល្លារ​​ ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ដើម​ខែ និង​គ្រោង​កាត់១០%លើ​ប្រាក់​ចំណេញ​បន្ថែម ​ផ្ដល់​ជូន​មូលនិធិ​បន្តទៀត៕