(វូហាន)៖ ទីតាំងផ្គត់ផ្គង់ទំនិញ និងផ្សារទំនើបនានានៅក្នុងទីក្រុងវូហាន នៅតែបន្តប្រតិបត្តិការជាធម្មតា បើទោះជាស្ថិតក្រោមស្ថានភាពជ្រួលច្របល់ ដែលបណ្ដាលមកពីការរីករាលដាលនៃជម្ងឺវីរុសកូរូណានេះក្ដី ខណៈប្រជាជនទាំងអស់នៃរដ្ឋធានីវូហានត្រូវទទួលបានការហាមឃាត់ ពុំអនុញាតឲ្យមានការធ្វើដំណើរ ឬចាកចេញពីទីក្រុងបានឡើយ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃ២៧ ខែមករា ២០២០ កន្លងទៅ។

ប្រជាជនក៏អាចធ្វើការជាវរាល់គ្រឿងឧបភោគទាំងអស់ ជាមួយនឹងស្ថេរភាពការផ្ដល់ជូនតម្លៃធម្មតា ដោយពុំមានការឡើងថ្លៃអ្វីនោះទេ។ ស្របពេលជាមួយគ្នានេះដែរ គេសង្កេតឃើញថា ហាងលក់ទំនិញនីមួយៗក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការតំហែទាំសុខភាពអនាម័យ ដោយពួកគេបានផ្ដល់ជាឧបករណ៍មួយចំនួន ដើម្បីធ្វើការលាងជម្រះសម្លាប់មេរោគជូនដល់អតិថិជនសម្រាប់ប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញជាតិអាលីបាបា ក៏បានចូលរួមចំណែកក្នុងការឧបត្ភមជូននូវស្បៀងអាហារមួយចំនួន ទៅកាន់មន្ទីរពេទ្យបង្អែកជិតៗនោះ ដែលកំពុងធ្វើការស្វះស្វែងតស៊ូព្យាបាល ជាមួយនឹងការវាយលុករាតត្បាតនូវជម្ងឺដ៏កាចសាហាវមួយនេះ៕